ព័ត៌មាន
ឯកឧត្តម សរ សុពុត្រា ជាប់ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង អាណត្តិទី៦
នៅព្រឹកថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានអញ្ជើញជាអធិបតី ប្រារព្ធសន្និបាត សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អាណត្តិទី៦ ពិធីនេះធ្វើឡើងក្នុងសាលប្រជុំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អាណត្តិទី៥ សមាជិក-សមាជិកា ពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន កាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក និង យុវជនកាយឫទិ្ធសរុប១៥០នាក់។

បន្ទាប់ពីប្រកាសរំសាយគណៈកម្មាធិការសាខាអាណត្ដិទី៥ អង្គសន្និបាតបានរៀបចំបោះឆ្នោតសម្ងាត់ ដោយមានអង្គបោះឆ្នោតចំនួន៥២ លើ៥២រូប ដែលជាសមាសភាព ជាសមាជិក សមាជិការ គណៈកម្មាធិការ សាខាអាណតិ្តទី៥, សមាជិកសមាជិកា គណៈកម្មាធិការអាណតិ្តទី៦។ ក្រោយដំណើរការ បោះឆ្នោតរួចរាល់ គណកម្មការរៀបចំបានប្រកាសលទ្ធផល គឺអង្គសន្និបាតបានបោះឆ្នោតគាំទ្រ សមាសភាពបេក្ខជន គណៈកម្មាធិការសាខាខេត្តស្ទឹងត្រែងចំនួន១៥រូប ដោយសម្លេងគាំទ្រ៥១លើ៥២ សម្លេង មានសន្លឹកឆ្នោតមិនបានការចំនួន១សម្លេង។

ដោយអនុវត្តតាមនីតិវិធី គណៈកម្មាធិការសាខា ដែលទើបជាប់ឆ្នោតថ្មីភ្លាម បានបើកកិច្ចប្រជុំលើកទី១ ដើម្បីជ្រើសរើសបេក្ខភាព ប្រធាន, អនុប្រធានអចិន្ត្រៃយ៍, ប្រធានហេរញ្ញិក និងលេខាធិការ ដើម្បីបន្តសុំការអនុម័តពីអង្គសន្និបាត ជាលទ្ធផលអង្គសន្និបាត បានអនុម័តទទួលយកបេក្ខភាព ឯកឧត្តម សរ សុពុត្រា ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង សំរាប់អាណតិ្តទី៦, លោកស្រី សន សុខា អនុប្រធានអចិន្ត្រៃយ៍, លោក ហ៊ាង ប៉ូលី អនុប្រធាន, លោក ខេង ទិត្យសីហា ហេរញ្ញិក, លោក ម៉ែន គុង លេខាធិការ, និង សមាជិក- សមាជិកា សាខា ចំនួន១០រូបទៀត។

បន្ទាប់ពីប្រគល់ត្រាជូនប្រធានគណៈកម្មាធិការថ្មីរួចលោកជំទាវ ពុំ ចន្ទីនី បានអានសេចក្តីថ្លែងការរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធាន ដែលបានចូលរួមអបអរសាទរ និងប្រកាសគាំទ្រ ទទួលស្គាល់សមាសភាព គណៈកម្មាធិការសាខាទាំង១៥រូប ដែលទទួលបាននូវទំនុកចិត្ត ពីអង្គសន្និបាត សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងអាណតិ្តទី៦នេះ។ សំឡេងឆ្នោតគាំទ្រនេះជាសក្ខីកម្ម នៃការប្រគល់ជូន ឯកឧត្តម លោកជំទាវអស់លោក,លោកស្រី នូវភារកិច្ចដ៏ឧត្តុង្គឧត្តម ជាជំនួយការជូនអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ នៅក្នុងបូរណៈភាពរដ្ឋបាលដែនដីខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃនេះតទៅ។

ក្នុងនាមជាប្រធានគណៈកម្មាធិការថ្មី សំរាប់អាណត្តិទី៦នេះ ឯកឧត្តម សរ សុពុត្រា បានថ្លែងអំណរគុណចំពោះ សន្និបាត ដែលបានបោះឆ្នោតគាំទ្រនាពេលនេះ។ ដើម្បីឆ្លើយតបចំពោះទំនុកចិត្តដ៏ឧត្តុងឧត្តមខាងលើ ឯកឧត្តម សូមប្តេជ្ញាចិត្ត នឹងគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ,ខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា,ពង្រឹងអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដែលបានបណ្តុះបណ្តាល, បំផុសផ្សព្វផ្សាយគោលការណ៍ និងសកម្មភាពនានា របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពនានា របស់សាខា ដើម្បីចលនាឱ្យមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ,ខិតខំដឹកនាំ និងមានទំនាក់ទំនងល្អជាមួយគណៈកិត្តិយសសាខា គណៈកម្មាធិការ សាខា ក្រុមប្រត្តិបត្តិ សាខា និងអនុសាខា ទូទាំងខេត្ត បំផុសចលនាគៀងគររកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ដើម្បីនិរន្តភាពសកម្មភាពមនុស្សធម៌ឱ្យបានល្អប្រសើរចាប់ពីពេលនេះតទៅ៕ អត្ថបទ: សំ ងីម





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល