ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា ស្នើឱ្យទូតថ្មីនៅបរទេសត្រូវការពារកិត្តិយសជាតិ ដើម្បីធានាឯករាជ្យភាពកម្ពុជា
សម្តេចប្រធានរដ្ឋសភា បានស្នើដល់ឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មីនៅបរទេស ត្រូវបំពេញតួនាទូ និងភារកិច្ចការពារកិត្តិយសជាតិ ដើម្បីធានាឯករាជ្យភាពរបស់កម្ពុជា។
ការស្នើដូចនេះធ្វើឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សដារី ប្រធានរដ្ឋសភា អនុញ្ញាតជូន ឯកអគ្គរាជទូតចំនួនបួនរូបដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្ម។
នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតទើបតែងតាំងថ្មីទាំងបួនរូប ដែលបានអញ្ជើញមកកាន់វិមានរដ្ឋសភា ដើម្បីជួបសម្តែងការគួរសម ក៏ដូចជាជម្រាបលា មុនចេញទៅបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ នាពេលខាងមុខ។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ឯកអគ្គរាជទូតដែលត្រូវបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសនានា មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ ទន្ទឹមគ្នានេះ សម្តេចប្រធានរដ្ឋសភា ស្នើឱ្យបេសកកម្មការទូតជាការងារដ៏ឧត្តុងឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ និងការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជាមន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ ហើយបេសកកម្មការទូតពិតជាសំខាន់ខ្លាំង ដើម្បីបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកខាងក្នុងប្រទេស ដោយរួមចំណែកការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។
លើសពីនេះ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ក្នុងនាមជាមន្រ្តីការទូត ចាំបាច់ត្រូវមានសមត្ថភាព ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការទូតរបស់រដ្ឋ ការទូតសភា និងការទូតផ្សេងៗ ដូចជាការទូតសេដ្ឋកិច្ច និងការទូតប្រជាជនជាដើម។
សម្តេចប្រធានរដ្ឋសភា លើកឡើងបន្តថា ក្រៅពីការបំពេញបេសកកម្មការទូត ឯកអគ្គរាជទូតក៏ជាអាណាព្យាបាលលើពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា ឬរកទទួលទាននៅតាមបណ្តាប្រទេសដែលខ្លួនបំពេញបេសកកម្មការទូតផងដែរ ពិសេសអ្នកការទូតត្រូវផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋត្រូវរក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ជាតិដល់អន្តរជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ តំណាងឯកអគ្គរាជទូតទំាងបួនរូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់ឱកាសជូន ឯកឧត្តម និងលោកជំទាវទាំងអស់ បានចូលជួបសម្តែងការគួរសម ពិសេសទទួលបានអនុសាសន៍ល្អៗនៅក្នុងឱកាសនេះ។
ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីការតាំងចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យទទួលបានជោគជ័យ ឆ្លើយតបចំពោះការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា៕អត្ថបទ សេក ឧត្តម
-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា