ព័ត៌មាន
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃ “ភាពជាដៃគូសកលលើបញ្ញាសិប្បនិម្មិត” ជាមួយឥស្សរជនតំណាងជាង ៦០ប្រទេសនិងអង្គការអន្តរជាតិ
ប៉ារីស៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម “កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃភាពជាដៃគូសកលលើបញ្ញាសិប្បនិម្មិត” (Ministerial Meeting of the Global Partnership on Artificial Intelligence) នៅទីស្ដីការក្រសួងការបរទេសនៃសាធារណរដ្ឋបារាំង។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីនិងឥស្សរជននៃប្រទេសជាសមាជិកនៃភាពជាដៃគូសកលលើបញ្ញសិប្បនិម្មិតចំនួន ៤៤ប្រទេស និងប្រទេសមិនមែនជាសមាជិកប្រមាណ២០ប្រទេស ព្រមទាំងអង្គការអន្តរជាតិមួយចំនួនដូចជាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងសហភាពទូរគមនាគមន៍អន្តរជាតិជាដើម។
រដ្ឋមន្ត្រីការបរទេសនៃសហម្ចាស់ផ្ទះទាំងបី រួមមានប្រទេសបារាំង ស៊ែប៊ី និងស្លូវ៉ាគី បានថ្លែងមតិស្វាគមន៍បណ្ដាប្រទេសសមាជិកនិងមិនមែនសមាជិកនិងតំណាងអង្គការអន្តរជាតិទាំងអស់ដែលបានចូលរួម ដោយផ្ដោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិលើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ក្នុងបរិការណ៍នៃការវិវត្តយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យានេះ។ ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថលដូចជារដ្ឋមន្ត្រីប្រទេសអេហ្ស៊ីប កាហ្សាក់ស្ថាន និងឥណ្ឌូនេស៊ី ព្រមទាំងនាយកប្រតិបត្តិនិងអ្នកគ្រប់គ្រងជាន់ខ្ពស់ជាវាគ្មិនមកពីបណ្ដាប្រទេសនានា បានពិភាក្សាអំពីសារៈប្រយោជន៍នៃការធ្វើអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការបញ្ចៀសនូវផលប៉ះពាល់អវិជ្ជមាន ការស្រាវជ្រាវ ការអប់រំគ្រប់កម្រិតសិក្សា និងការរៀបចំម៉ូដែលភាសាធំ (Large Language Model) ជាដើម។ ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង និងឯកឧត្ដម ចាស្ទីន ទ្រូដូ ក៏បានអញ្ជើញចូលរួមជាកិត្តិយសនិងថ្លែងសុន្ទរកថាបិទកិច្ចប្រជុំនេះផងដែរ។ តាមរយៈកិច្ចប្រជុំនេះ កម្ពុជាជាប្រទេសក្នុងចំណោមប្រទេសមិនមែនសមាជិកដែលត្រូវបានអញ្ជើញឱ្យចូលរួមជាសមាជិកផងដែរ។
គួររំឭកថា GPAI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ តាមគំនិតផ្ដួចផ្ដើមរបស់ប្រទេសបារាំងនិងកាណាដាក្នុងក្របខណ្ឌក្រុមប្រទេស G7 ហើយក្រោយមកត្រូវបានធ្វើសមាហរណកម្មជាមួយកិច្ចការបញ្ញាសិប្បនិម្មិតរបស់អង្គការ OECD ដើម្បីពង្រឹងកិច្ចសហការលើអភិបាលកិច្ចនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាគ្រានេះ រៀបចំឡើងក្នុងឱកាសនៃ “កិច្ចប្រជុំកំពូលសកម្មភាពបញ្ញាសិប្បនិម្មិត” (AI Action Summit) រៀបចំឡើងដោយសាធារណរដ្ឋបារាំងនិងប្រទេសឥណ្ឌា ក្រោមអធិបតីភាព ឯកឧត្ដមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ឯកឧត្ដមនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី ព្រមទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសជាដៃគូ។ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះនិងបណ្ដាកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំនេះបានបន្តនាថ្ងៃចន្ទ ទី១០ និងថ្ងៃអង្គារ ទី១១ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងប្រមាណ ៦០ប្រទេសចូលរួម៕


-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា