ព័ត៌មាន
ឯកឧត្តម ចាយ បូរិន “តាមរយៈបេសកកម្មការទូតរបស់ឥណ្ឌា ក្នុងអាណត្តិថ្មីនេះ និងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា”
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Vanlalvawna Bawitlung (វ៉ាន់ឡាល់វ៉ាវណ្ណា បាវីលូង) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ដែលទើបត្រូវបានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនេះ ឯកឧត្តម ចាយ បូរិន សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចសង្ឃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា និមន្តនិងអញ្ជើញទស្សនកិច្ចទៅកាន់ពុទ្ធកយា ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ។
ឯកឧត្តម លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏បុិនប្រសព្វ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រ និងពុទ្ធចក្រគួរឱ្យកត់សម្គាល់ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃ វត្តអារាម និងអាហារូបករណ៍ដល់មន្រ្តីរាជការ និងនិស្សិតបានទៅសិក្សានៅប្រទេសឥណ្ឌាផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងក្រុមការងារ និងជម្រាបជូនគោលបំណងសំខាន់ៗដូចខាងក្រោម៖
១.ស្នើឲ្យមានកិច្ចសហប្រតិបត្តិការមួយ បើទោះជាប្រទេសឥណ្ឌាពុំមានក្រសួងធម្មការ និងសាសនាដូចកម្ពុជា ប៉ុន្តែមានក្រសួងវប្បធម៌ ដែលអាចជំរុញវិស័យសាសនារវាងប្រទេសទាំង២ កម្ពុជា-ឥណ្ឌា កាន់តែរីកចម្រើន។
២.អំពីគោលបំណងនៃការដង្ហែព្រះបរមសិរីរិកធាតុ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា។
៣.គោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ទៅទស្សនកិច្ចនៅពុទ្ធកយា ប្រទេសឥណ្ឌា នៅពេលវេលាសមស្របណាមួយ។
ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ទាក់ទងនិងការដង្ហែព្រះបរមសិរីរិកធាតុ ពីប្រទេសឥណ្ឌា មកកាន់កម្ពុជា ឯកឧត្តមនិងចាត់ថ្នាក់ដឹកនាំជំនាញធ្វើការសិក្សានិងសហការជាមួយមន្រ្តីជំនាញរបស់ឥណ្ឌាឡើងវិញ ដែលនិងគ្រោងប្រារព្ធឡើងនៅឆ្នាំ២០២៦ខាងមុខ។ ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តី បានទទួលនៅការអញ្ជើញរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ទៅទស្សនកិច្ចនៅពុទ្ធកយា ប្រទេសឥណ្ឌានៅពេលវេលាសមស្របណាមួយ ។
ក្នុងនោះឯកឧត្តម សង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងអាណត្តិថ្មីនេះ និងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសវិស័យព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សានៅកម្ពុជាដែល មានវិស័យពុទ្ធិកចាប់តាំងពីបឋមរហូតដល់ឧត្តមសិក្សា ។
ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ពិសេសបន្តបេសកកម្មរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ឥណ្ឌា កាន់តែរឹងមាំនិងស្ថិតស្ថេរជាអង្វែងតទៅ៕
អត្ថបទ រដ្ឋា

-
ព័ត៌មាន2 days ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន1 day ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន2 days ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន4 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន4 days ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន4 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មាន1 day ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
-
ព័ត៌មាន1 week ago
កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ