ព័ត៌មាន
វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បីពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នា (MoU)ជាមួយអង្គការក្លូប៊ល ធូហ្គេឌឺ (Global Together) និងវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ(Korean Polytechnics (KOPO) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។
ពិធីចុះ MoU រវាងវិទ្យាស្ថាន NPIC, អង្គការ Global Together និងវិទ្យាស្ថាន KOPO បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម គីម ជីនផ្យូ (KIM Jin-Pyo) ប្រធានស្ថាប័នសិក្សានវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅសាលប្រជុំ NPIC រាជធានីភ្នំពេញ នាថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៥។
ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា៖«ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-សាធារណរដ្ឋកូរ៉េ និងអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បីពង្រឹងសមត្ថភាពសិស្សនិស្សិតរបស់កម្ពុជាយើងឱ្យកាន់តែមានជំនាញច្បាស់លាស់ដ៏សំបូរបែបទៅតាមការប្រែប្រួលនៃទីផ្សារអន្តរជាតិ»។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ហើយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកវិទ្យាថ្មីៗដែលកំពុងមានតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា។
ឯកឧត្តមបន្ថែមថា ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់សិស្សនិស្សិត និងយុវជនកម្ពុជា គឺជាការពង្រឹងសមត្ថភាពពិតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសម្រួចកម្លាំង និងសមត្ថភាពយុវជនឱ្យមានការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្រូវការទីផ្សារអន្តរជាតិ។
ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានថ្លែងថា វិទ្យាស្ថាន NPIC បានសហការជាមួយស្ថាប័នជាច្រើនមកពីសាធារណៈរដ្ឋកូរ៉េរួមមាន សាកលវិទ្យាល័យ អង្គការ និងក្រុមហ៊ុនធំៗមួយចំនួនផ្សេងទៀត។ ជាពិសេសក្រុមហ៊ុន Hyundai Camko Motor Company ដែលបានឧបត្ថម្ភសម្ភារៈបណ្តុះបណ្តាលយ៉ាងច្រើនសន្ធឹកសន្ធាប់។
ឯកឧត្តមបន្តថា ក្រុមហ៊ុន Hyundai ថែមទាំងបានជួយបណ្តុះបណ្តាលគ្រូរបស់វិទ្យាស្ថាន NPIC និងផ្តល់ឱកាសដល់និស្សិតធ្វើកម្មសិក្សានៅរោងចក្រតម្លើងរថយន្តផ្ទាល់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយផ្តល់កន្លែងស្នាក់នៅ និងអាហារហូបចុកក្នុងអំឡុងពេលធ្វើកម្មសិក្សាផងដែរ។
លោកបានថ្លែងថា៖«សូមថ្លែងអំណរគុណចំពោះលោក លី ឆុលស៊ូ (Lee Cheol Soo) នាយកប្រតិបត្តិ និងជាប្រធានវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដែលបានផ្តល់កិត្តិយសធ្វើសហប្រតិបត្តិការជាមួយវិទ្យាស្ថាន NPIC»។
លោកបន្ថែមថា៖«ខ្ញុំសង្ឃឹមថាតាមរយៈកិច្ចសហប្រតិបត្តិការនេះ និងផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ក៏ដូចជាការចែករំលែកទៅវិញទៅមកនូវបទពិសោធន៍ថ្មីៗសម្រាប់ការតាមទាន់នៃការរីកចម្រើនបច្ចេកទេសវិទ្យាសាស្ត្រនាបច្ចុប្បន្ននេះ»។
លោក លី ឆុលស៊ូ នាយកប្រតិបត្តិ និងជាប្រធានវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េបានថ្លែងថា វិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ បានបណ្ដុះបណ្ដាលសិស្សនិស្សិតជាតិ និងអន្តរជាតិឱ្យក្លាយជាអ្នកជំនាញខាងបច្ចេកវិទ្យា និងបច្ចេកទេសរាប់ពាន់នាក់រួចមកហើយ។ ដោយឡែកវិទ្យាស្ថានមានបំណងសហការជាមួយ NPIC របស់កម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាពផលិតកម្មរបស់កម្ពុជាថែមទៀត។
លោកបន្តថា៖«វិទ្យាស្ថានយើងបានបង្រៀនផ្ដោតសំខាន់លើជំនាញខាងឧស្សាហ៍កម្ម អេឡិចត្រូនិក ជំនាញរ៉ូបូត និងជំនាញបច្ចេកវិទ្យាជាច្រើនដែលជាតម្រូវការទីផ្សារការងារអន្តរជាតិ។ ខ្ញុំមានក្ដីរំពឹងថា វិទ្យាស្ថាន និងសកលវិទ្យាល័យនៅប្រទេសកូរ៉េ នឹងផ្ទេរចំណេះដឹង និងជំនាញនានាជួយដល់សិស្សនិស្សិតកម្ពុជាឱ្យមានសមត្ថភាពកាន់តែល្អប្រសើរថែមទៀត»។
ឯកឧត្តម គីម ជីនផ្យូ ប្រធានស្ថាប័នសិក្សានវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េបានថ្លែងថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អជាមួយគ្នាលើគ្រប់វិស័យ ជាពិសេសវិស័យការងារ និងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ត្រូវបានសហការគ្នាយ៉ាងស្និទ្ធស្នាលជាបន្តបន្ទាប់។
ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានយូអង្វែងថែមទៀត ឯកឧត្តមចាត់ទុកថា៖«ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាអត្តសញ្ញាណនៃការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ហើយខ្ញុំមានការរំភើបរីករាយ និងរំពឹងថា ស្ថានប័នទាំងបីនឹងបន្តសហការគ្នាឱ្យកាន់តែជិតស្និទថែមទៀត ដើម្បីបណ្ដុះបណ្ដាលធន់ធានមនុស្ស និងជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងកម្ពុជា និងសាធារណរដ្ឋកូរ៉េ»៕

-
ព័ត៌មាន2 days ago
ចិនសន្យាពូនជ្រំទំនាក់ទំនងកម្ពុជាឱ្យដល់កម្រិតមួយទៀត និងជួយលើកមុខមាត់កម្ពុជាទាំងក្នុងថ្នាក់តំបន់ និងពិភពលោក
-
ព័ត៌មាន1 day ago
ព្រឹកស្អែក សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពតជាផ្លូវការ
-
ព័ត៌មាន2 days ago
នាវាកងស្វ័យការពារជើងទឹកជប៉ុន ពីរគ្រឿង ចូលសំចតទស្សនកិច្ចនៅកម្ពុជា
-
ព័ត៌មាន4 days ago
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង
-
ព័ត៌មាន4 days ago
សង្ក្រាន្តស្វាយរៀងរយៈពេល៣ថ្ងៃមានភ្ញៀវទេសចរនិងពលរដ្ឋជាង៦សែននាក់បានចូលមកលេងកម្សាន្តនៅក្នុងភូមិសាស្ត្រខេត្ត
-
ព័ត៌មាន4 days ago
ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១លាន៧សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មាន1 day ago
អាជ្ញាធរទន្លេសាប បញ្ជាអោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបអោយអស់ ក្រោយចុះពិនិត្យនៅទីតាំងផ្ទាល់
-
ព័ត៌មាន1 week ago
កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ