ព័ត៌មាន
ឆ្នាំ២០២៤ គ្រោះអគ្គិភ័យកើនជាង២០០លើក ធៀបនឹងឆ្នាំចាស់ តែអ្នកស្លាប់ថយចុះ៤០នាក់!
ក្នុងឆ្នាំ២០២៤ មានគ្រោះអគ្គិភ័យកើតចំនួន១.០៣៥លើក បណ្ដាលឱ្យឆេះផ្ទះ៦៤៨ខ្នង តូបលក់ដូរ៦៥៥តូប និងមានមនុស្សស្លាប់១៤នាក់ រងរបួស៤៣នាក់។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចំនួននេះបានកើនឡើងច្រើនធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែអត្រាអ្នកស្លាប់ក្នុងហេតុការណ៍សរុបបានថយចុះគួរឱ្យកត់សម្គាល់។ បើធៀបឆ្នាំ២០២៣ លោកបណ្ឌិតរម្លឹកថា មានគ្រោះអគ្គិភ័យសរុប៧៦៦លើក កើន២៦៩លើក ប៉ុន្តែអ្នកស្លាប់មានទៅ៥៤នាក់ និងអ្នករបួស៩៦នាក់។
ក្នុងឆ្នាំកន្លងទៅនេះដែរ អ្នកនាំពាក្យ បានសរុបបន្ថែមថា សមត្ថកិច្ច បានចេញអន្តរាគមន៍ ទប់ស្កាត់មិនឱ្យគ្រោះអគ្គិភ័យឆេះរាលដាលក្លាយជាមហន្តរាយធ្ងន់ធ្ងរចំនួន៧២៦លើក។ ចំណែកករណី៣០៩លើកទៀត ត្រូវអាជ្ញាធរមូលដ្ឋាន ក្រុមបង្ការ និងពន្លត់អគ្គិភ័យ សហការជាមួយប្រជាពលរដ្ឋ រួមគ្នាពន្លត់បានទាន់ពេលវេលា។ ត្រង់ចំណុចនេះ ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានសម្ដែងការដឹងគុណ និងកោតសរសើរ ចំពោះការបំពេញភារកិច្ចប្រកបដោយឆន្ទៈលះបង់ខ្ពស់របស់អាជ្ញាធរ និងកម្លាំងគ្រប់ប្រភេទ រួមទាំងការចូលរួមសហការយ៉ាងល្អរបស់បងប្អូនប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានក្រសួងមហាផ្ទៃជាសេនាធិការ ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានបង្កើនការយកចិត្តទុកខ្ពស់ណាស់ចំពោះការពង្រឹងសមត្ថភាពបង្ការ និងសង្គ្រោះ ដោយបានបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យប្រភេទថ្មីទំនើបៗ និងបានពង្រឹងការហ្វឹកហាត់ជំនាញដល់កម្លាំងពន្លត់ជាប្រចាំ ខណៈរាជរដ្ឋាភិបាលនីតិកាលកន្លងទៅក៏បានប្រគល់រថយន្តពន្លត់អគ្គិភ័យឱ្យគ្រប់បណ្ដាក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសផងដែរ។
ជាក់ស្តែងក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានបង្វឹកជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ និងចេញវិញ្ញាបនបត្របញ្ជាក់ដល់ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចសរុបចំនួន៤.០៩៧នាក់ ស្មើនឹង ២៥៧ក្រុម លើ១០៧គោលដៅ និងបានចុះពិនិត្យ និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រព័ន្ធបង្ការ ពន្លត់ អគ្គិភ័យចំនួន១១៣គោលដៅ ព្រមទាំងបានចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការបង្ការ និងពន្លត់អគ្គិភ័យចំនួន ២.៤០៨គោលដៅទូទាំងប្រទេស។
សូមបញ្ជាក់ក្នុងពេលថ្មីៗនេះ ពោលគឺនាដើមឆ្នាំ២០២៥នេះតែម្ដង មានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងជាបន្តបន្ទាប់ ដូចជាករណីឆេះផ្ទះ ឆេះឃ្លាំង ឆេះក្លឹបកំសាន្ត ឆេះរោងចក្រ ឃ្លាំងសាំង ឆេះព្រៃ។ គ្រោះនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសមួយចំនួនរួចទៅហើយ៕

-
ព័ត៌មាន16 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ