ព័ត៌មាន
គណៈប្រតិភូសភាសហរដ្ឋអាមេរិកគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលរួមមានឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ មកពីគណបក្សសាធារណរដ្ឋ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានកត់សម្គាល់អំពីទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែលឆ្នាំនេះក៏ជាខួបទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកផងដែរ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី, កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ បន្ថែមពីនេះ, គណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យកាន់តែយល់ដឹងច្បាស់អំពីកម្ពុជា ដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសហរដ្ឋអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក នាឱកាសនេះ ក៏ដូចជាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញ៉ាប់រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងលេីកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតខ្ពស់បន្ថែមទៀត។
សម្ដេចបវរធិបតី និងគណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើនរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, សុខាភិបាល, ការពារជាតិនិងសន្តិសុខ និងការបោសសម្អាតមីន ជាដើម៕







-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា