ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បន្តចុះប្រគល់ផ្ទះជូនជនមានពិការភាពក្រីក្រ
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ផ្ទះ«មូលនិធិជនពិការ» ជូនគ្រួសារជនមានពិការភាពក្រីក្រ១គ្រួសារនៅខេត្តព្រះវិហារ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរពាក់ព័ន្ធជុំវិញខេត្ត មន្រ្តីក្រោមចំណុះរដ្ឋបាលខេត្តព្រះវិហារ និងសាខាមូលនិធិជនពិការខេត្តព្រះវិហារ។
ផ្ទះ«មូលនិធិជនពិការ»ថ្មី១ខ្នងនេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីនេះ ត្រូវបានប្រគល់ជូនជនមានពិការភាពក្រីក្រមានឈ្មោះ អឹម ឈាន ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនមានពិការភាពជើងខាងស្ដាំត្រឹមភ្លៅ ដោយសារមីនក្នុងកំឡុងពេលសម័យប៉ុលពត សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ៣នាក់ ប្រពន្ធ(មានជំងឺស្លាប់មួយចំហៀងខ្លួន) និងកូនស្រី១នាក់ រស់នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវមតិសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារជនមានពិការភាពខាងលើ ដែលជួបការលំបាកក្នុងជីវភាព។ ឯកឧត្តមបានបន្តថា តាមរយៈកម្មវិធីការងាររបស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់ចោលឡើយ ជាក់ស្តែងអំឡុងនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ គឺរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរទាំងផ្នែកសុខភាព និងផ្នែកសង្គមកិច្ចដល់ប្រជាពលរដ្ឋ ជាពិសេសជនដែលងាយរងគ្រោះ នូវការដាក់ចេញជាគោលនយោបាយជាច្រើនដូចជា ការឧបត្ថម្ភសាច់ប្រាក់អំឡុងពេលជំងឺកូវីដ១៩ ការឧបត្ថម្ភសាច់ប្រាក់អំឡុងពេលអតិផរណា កម្មវិធីកញ្ចប់គ្រួសារ កុមារអាយុក្រោម២ឆ្នាំ ស្រី្តមានផ្ទៃពោះ និងមានកម្មវិធីគាំទ្រផ្សេងៗទៀតជាហូរហែរមកដល់បច្ចុប្បន្ននេះ។
ដូចអ្វីដែលមាននៅទីនេះស្រាប់ គឺមូលនិធិជនពិការ ក្នុងនាមជាសេវាធិការជូនក្រសួងស.អ.យ. បានរៃអង្គាសថវិកាពីសប្បុរសជននានា តាមរយៈការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌ ដើម្បីយកមកសាងសង់ផ្ទះ និងយកទៅទិញកញ្ចប់អំណោយសម្រាប់ចែកជូនជនមានពិការភាពទីទាល់ក្រ ដែលសកម្មភាពទាំងនេះពិតជាបានជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរបស់ជនមានពិការក្រីក្រផងដែរ។
ឯកឧត្តម បានណែនាំឱ្យគ្រួសារជនមានពិការភាពខាងលើ ត្រូវចេះថែទាំសុខភាព និងទៅទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាឱ្យបានទៀងទាត់តាមបច្ចេកទេស ដើម្បីបង្កើនលទ្ធភាពក្នុងការរស់នៅ និងចូលរួមក្នុងសកម្មភាពសង្គម។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានប្រគល់សោរជានិមិត្តរូប និងបានផ្ដល់អំណោយដ៏ថ្លៃថ្លារួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេស ត្រីខកំប៉ុងចំនួន ១យួរ ទឹកត្រីចំនួន ១យួរ ទឹកស៊ីអ៊ីវចំនួន ១យួរ អំបិលចំនួន ១កញ្ចប់ ស្ករសចំនួន ១កញ្ចប់ និងថវិកាចំនួន ១០០,០០០រៀល ជូនដល់លោក អឹម ឈាន និងក្រុមគ្រួសារដើម្បីប្រើប្រាស់៕អត្ថបទ៖ គឹមហុក







-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន2 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន1 week agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន1 week agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»
-
ព័ត៌មាន1 day agoក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកោសល្យវិច័យ ខណៈបណ្ដាញព័ត៌មានថៃផ្សាយថា ពុំមានការស្លាប់នៅភូមិព្រៃចាន់