ព័ត៌មាន
សហជីព៖ គោលនយោបាយរបស់រដ្ឋលើការសាងសង់ទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ជាឧត្តមប្រយោជន៍សម្រាប់កម្មករនិយោជិត
ភ្នំពេញ៖ សហជីពនៅកម្ពុជា សំដែងការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់លើយន្តការបង្កើតទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស។ ទន្ទឹមនឹងនេះ សហជីពវាយតម្លៃខ្ពស់លើការអនុវត្តជាក់ស្តែងពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងនិយោជកដែលបានធ្វើការជាមួយគ្នារហូតដាក់សម្ពោធឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករជាបណ្តើរៗហើយនៅដើមឆ្នាំ២០២៥។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាមេដឹកនាំសហជីពសូមស្វាគមន៍នូវយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញគោលនយោបាយដែលមានភាពច្បាស់លាស់លើការបង្កើតទារកដ្ឋាននៅតាមបណ្តារោងចក្រសហគ្រាស។ លោកវាយតម្លៃខ្ពស់ចំពោះការបានអនុវត្តជាក់ស្តែង ដោយរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករនិយោជិតនាពេលថ្មីៗនេះ។
ប្រធានសហភាពការងារកម្ពុជារូបនេះ បានបន្ថែមថា ក្នុងនាមសហជីពលើកទឹកចិត្តឱ្យទារកដ្ឋានទាំងអស់បន្តពង្រឹងការថែទាំកុមារ សុខភាពកុមារ និងការអប់រំឱ្យបានល្អ ដើម្បីសុវត្ថិភាពអំឡុងពេលទារកស្ថិតក្រោមការមើលថែទាំនៅក្នុងទារកដ្ឋាន។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធគួរបន្តពិនិត្យ និងតាមដានការអនុវត្តឱ្យបានហ្មតចត់លើទារកដ្ឋានដែលដាក់ឱ្យដំណើរការ ដើម្បីកុំឱ្យមានការខ្វះចន្លោះលើកត្តាថែទាំណាមួយកើតឡើង ធ្វើឱ្យប៉ះពាល់ទារក។
ដោយឡែក លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានបង្ហាញការគាំទ្រលើយន្តការរបស់រាជរដ្ឋាភិបាលក្នុងការសាងសាងទារកដ្ឋាន និងបានលើកឡើងថាការសាងសង់ទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស ក៏ដូចជាតំបន់រោងចក្រនោះគឺផ្តល់គុណប្រយោជន៍ជាច្រើន ជាពិសេសកម្មករនិយោជិត។ លោកបានបន្តថា ក្នុងនាមជាអ្នកតំណាងកម្មករនិយោជិតមានការវាយតម្លៃខ្ពស់លើការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស នាពេលថ្មីៗនេះ ដើម្បីជាឧត្តមប្រយោជន៍ និងបង្កភាពងាយស្រួលដល់កម្មករនិយោជិត។ កម្មករនិយោជិតនឹងអាចចំណេញថវិកាមួយចំនួនពីការមើលថែទាំទារក, កម្មករអាចដាក់កូនរបស់ខ្លួនក្នុងទារកដ្ឋានដែលមានការថែទាំល្អ និងសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ការសាងសង់ទារកដ្ឋាននេះគឺជាអនុសាសន៍១ ក្នុងចំណោមអនុសាសន៍ទាំង១០ ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលកាលអនុវត្ត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីក្រសួងការងារ សហការជាមួយភាគីពាក់ព័ន្ធក្នុងការសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្តុំរោងចក្រ។
គោលបំណងនៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំងនោះទទួលបានការថែទាំនិងអប់រំប្រកបដោយគុណភាព និងស្តង់ដាដែលជួយគាំទ្រការលូតលាស់ និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឳពុកម្តាយ ឬអាណាព្យាបាលដែលជាកម្មករនិយោជិតមានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល៕






-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង