Connect with us

ព័ត៌មាន

ភ្នំពេញនៅតែជាគោលដៅពេញនិយមរបស់ពលរដ្ឋតាមបណ្ដាខេត្តមកលេងក្នុងឱកាសបុណ្យអុំទូក

បើទោះបីឆ្នាំនេះ រាជធានីភ្នំពេញ អាក់ខានប្រារព្ធពិធីប្រណាំងទូក អបអរព្រះរាជពិធីបុណ្យអុំទូក តែ​ប្រជាពលរដ្ឋតាមបណ្ដាខេត្តនៅតែសម្រុកនាំក្រុមគ្រួសារមកលេងរាជធានីភ្នំពេញ យ៉ាង​ច្រើន​ដោយ​ស្នាម​ញញឹម និងភាពរីករាយ។

ប្រជាពលរដ្ឋមកពីខេត្ត​ពោធិ៍​ ខេត្តកណ្ដាល ខេត្តកំពត និងខេត្តកំពង់ឆ្នាំង ប្រាប់ BTV នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ទោះបីឆ្នាំនេះគ្មានការប្រារព្ធពិធីធំ អបអរព្រះរាជពិធីបុណ្យអុំទូក ដូច​ឆ្នាំ​មុនៗ តែពួកគាត់នៅតែមកលេងភ្នំពេញ ដើម្បីមើល​ការ​អភិវឌ្ឍ​រាជ​ធានី​ជា​បេះដូង​របស់​កម្ពុជា​។

ពលរដ្ឋប្រាប់ថា ពួកគាត់រំភើបនៅពេលចូមកដល់រាជធានីភ្នំពេញ ដែលពោរពេញដោយការអភិវឌ្ឍ ពិសេសភាពស្រស់ស្អាតនៅមាត់ទន្លេ ខាងមុខព្រះបរមរាជវាំង និងទីតាំង​ប្រវត្តិ​សាស្រ្ត​ជា​ច្រើន​កន្លែង​ទៀត​។

អ្នកស្រី ថេង ពលរដ្ឋមកពីស្រុកបាកាន ខេត្តពោធិ៍សាត់ «ខ្ញុំអ្នកខេត្តពោធិ៍សាត់ មក​លេង​ភ្នំពេញ​ដោយ​សារ​នេះជាថ្ងៃបុណ្យ ហើយចង់ឃើញថា ភ្នំពេញប្លែកជាងពីមុនយ៉ាងណាខ្លះ។ ខ្ញុំមក​ដល់​ចាប់​អារម្មណ៍​អគារខ្ពស់ច្រើន ហើយស្អាតប្លែកភ្នែកខ្លាំងណាស់។ ខ្ញុំសប្បាយចិត្តឃើញគេមកច្រើន ទោះ​អត់មានអុំទូកដូចឆ្នាំមុនៗតែមនុស្សច្រើនសប្បាយ»។

អ្នកស្រី ឈី ពលរដ្ឋមកពីខេត្តកំពត ៖«ខ្ញុំមកលេងចៅនៅភ្នំពេញ ហើយចង់មកលេងមុខវាំង ឃើញ​គេ ឃើញឯង ។ ខ្ញុំបច្ចុប្បន្នអាយុ ៨១ឆ្នាំហើយ ឃើញស្រុកទេសអភិវឌ្ឍសប្បាយមាំណាស់ ពេញ​ចិត្តដែលមានការដឹកនាំរីកចម្រើនទៅមុខ។ សង្ឃឹមថា ប្រទេសយើង​កាន់​តែ​អភិវឌ្ឍ​រីក​ចម្រើន​ទៅ​ទៀត ឱ្យចៅ ចៅទូតបានរស់នៅក្នុងសន្ដិភាពល្អ»។

អ្នកស្រី យ៉ិន សារ៉ាត់ មកពីស្រុកអង្គស្នូល ខេត្តកណ្ដាល ៖«ឆ្នាំនេះអត់អុំទូកទេ តែខ្ញុំ​នៅ​តែ​មក​លេង​ភ្នំពេញ ព្រោះចង់ឃើញភ្នំពេញ អភិវឌ្ឍល្អដល់ណាហើយ។ រាល់ឆ្នាំមករហូតហ្នឹង ព្រោះនៅ​ភ្នំពេញ​សប្បាយ ហើយពេលបុណ្យទានអញ្ចឹង ទោះមនុស្សច្រើនក៏អត់បារម្ភភ័យពីសុវត្ថិភាពទេ អាជ្ញាធរ​គេរៀបចំបានល្អ។ ខ្ញុំមកបាន ២ថ្ងៃហើយ ទាល់តែម៉ោង​១១​យប់​បាន​ខ្ញុំ​ត្រឡប់​ទៅ​កន្លែង​សម្រាក​វិញ។​ ខ្ញុំអរគុណរាជរដ្ឋាភិបាល ដែលខិតខំអភិវឌ្ឍប្រទេស ហើយរក្សាបានសុខសុវត្ថិភាព ព្រោះ​តែមានសុវត្ថិភាព សន្ដិភាពនេះហើយបានខ្ញុំ និងគ្រួសារហានមកលេងឆ្ងាយស្រុក។ ខ្ញុំសូម​ឱ្យពលរដ្ឋ​យើងបន្តសាមគ្គីគ្នា ការពារសន្ដិភាពឱ្យគង់វង្ស»។

សូមជម្រាបជូន ថា នៅក្នុងឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មិនមានការប្រាព្ធពិធីប្រណាំងទូក ង ដើម្បី​អបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនោះទេ ប៉ុន្ដែ​បាន​រៀប​ចំ​បើកដំណើរការផ្លូវថ្មើរជើងចតុមុខ រយៈពេល៥ថ្ងៃ ដើម្បីជំរុញចរន្តសេដ្ឋកិច្ច និងលំ​ហូរ​ទេសចរ​ជាតិ និងអន្តរជាតិ៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia