ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ោតធើ បេក (Wouter Beke) សមាជិកសភាអឺរ៉ុប និងជាប្រធានគណៈប្រតិភូសភាអឺរ៉ុប ដែលបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន។

នៅក្នុងជំនួបនោះ សម្តេចបានជម្រាបគណៈប្រតិភូនូវព័ត៌មានពិតមួយចំនួន ពីស្ថានភាពពលរដ្ឋភៀសសឹកខ្មែរចំនួនជាង ២ម៉ឺននាក់ ដែលមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារមានការរំលោភបទឈប់បាញ់ និងរំលោភច្បាប់អន្តរជាតិពីសំណាក់ថៃ។ ក្នុងនាមតំណាងប្រជាពលរដ្ឋ សម្តេចបានស្នើសហគមន៍អន្តរជាតិជំរុញភាគីថៃធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរស្លូតត្រង់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសេចក្តីថ្លៃថ្នូរ។ ចំពោះការដោះស្រាយបញ្ហាព្រំដែនត្រូវគោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី។ បន្ទាត់ព្រំដែនប្រទេសទាំងពីរបានទទួលស្គាល់ដោយអន្តរជាតិជាង ១០០ឆ្នាំមកហើយ។ ដូច្នេះ សូមទុកបញ្ហានេះឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដោះស្រាយក្នុងការវាស់វែង និងបោះបង្គោលឡើងវិញ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដូចដែលអន្តរជាតិបានដឹងហើយគឺ កម្ពុជាគោរពច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការដោះស្រាយជម្លោះ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមយ៉ាងជូរចត់ ដូច្នេះមិនត្រូវការសង្គ្រាមឡើយ។ សង្គ្រាមមិនអាចឱ្យប្រទេសណាមួយឈ្នះប្រទេសមួយទៀតទេ សង្គ្រាមមានតែអ្នកចាញ់ ដូច្នេះការបញ្ចប់សង្គ្រាមមានតែការចរចាមួយប៉ុណ្ណោះ។

ឯកឧត្តម វ៉ោតធើ បេក បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៅក្នុងឱកាសនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវេទិកាអាយប៉ា (AIPA) ដែលជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋ និងលើកកម្ពស់ការសន្ទនា ដើម្បីផលប្រយោជន៍រួម។ សហភាពអឺរ៉ុប នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសភាកម្ពុជា ក៏ដូចជាវេទិកាអាយប៉ា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
ទាក់ទងនឹងការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ជុំវិញជម្លោះការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពកម្ពុជា គណៈប្រតិភូ បានបញ្ជាក់ថានឹងនាំយកព័ត៌មានទទួលបាននាពេលនេះ ជម្រាបជូនថ្នាក់ដឹកនាំសភាអឺរ៉ុប។ ឯកឧត្តម វ៉ោតធើ បេក បានលើកទឹកចិត្តប្រទេសទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សភាអឺរ៉ុប គឺជាដៃគូសន្ទនាដ៏មានសារៈសំខាន់មួយក្នុងចំណោមដៃគូសន្ទនារបស់អាយប៉ា (AIPA)។ ការចូលរួមជាប្រចាំរបស់សភាអឺរ៉ុប បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងតំបន់ទាំងពីររបស់យើង។ ចំណែកទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរ៉ុប កាន់តែមានការរីកចម្រើនជាលំដាប់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ការទុកចិត្តគ្នា និងផលប្រយោជន៍រួម។
ក្នុងន័យនេះ សម្តេចស្នើសភាសហភាពអឺរ៉ុប បង្កើនកិច្ចសហប្រតិបត្តិការជាមួយសភាកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជំរុញអ្នកទេសចរ វិនិយោគ និងបន្តគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាឱ្យបានកាន់តែច្រើន៕


-
ព័ត៌មាន1 day agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 day agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 day agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 day agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 day agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 day agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន3 days agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង