ព័ត៌មាន
កម្ពុជា-ឥណ្ឌា បន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាងប្រទេសទាំងពីរ ជាពិសេសការពង្រឹងច្បាប់ និងលើកកម្ពស់ទំនុកចិត្តលើវិស័យឯកជន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ, នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងនិវានុវត្តន៍ និងការអភិវឌ្ឍន៍សុខភាពឌីជីថល។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដោយបានបញ្ជាក់ជំហរ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើការអភិវឌ្ឍន៍សុខភាពឌីជីថល ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដូចជាការវិនិយោគបង្កើតមន្ទីរពេទ្យកម្រិតអន្តរជាតិដែលមានគុណភាពខ្ពស់ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា តាមរយៈឯកអគ្គរដ្ឋទូត ដែលបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យបញ្ជាក់ជូនថា យើងបន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាងកម្ពុជា-ឥណ្ឌា ជាពិសេសការពង្រឹងច្បាប់ និងលើកកំពស់ទំនុកចិត្ត លើវិស័យឯកជន ដើម្បីទទួលបានការគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាលនៅកម្ពុជា ដែលនេះគឺពិតជាការចូលរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា










-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ