Connect with us

ព័ត៌មាន

កម្ពុជា-អារ៉ាប់រួម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍

សហភាពអារ៉ាប់រួម គ្រោងរៀបចំដំណើរទស្សនកិច្ចគណៈប្រតិភូធុរកិច្ច មកកាន់កម្ពុជា ដើម្បី​សិក្សា​ស្វែងយល់ និងការស្វែងរក ឱកាសវិនិយោគ ជាពិសេស​ជំរុញ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​នៅ​ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បានទទួលជួបឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូតនៃសហភាពអារ៉ាប់រួមប្រចាំ កម្ពុជា ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគីក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបន្តសន្ទុះ​នៃ​ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការរីកចម្រើននៅក្នុងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយក្នុងនោះ វិទ្យាស្ថានជាតិបានកំណត់អភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុងគោលដៅបម្រើអន្តរវិស័យ ជាពិសេសវិស័យ ឧស្សាហកម្ម ៤.០ និង​ឧស្សាហកម្ម​ជំនាន់ក្រោយៗបន្តបន្ទាប់ទៀត។

ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាន​ជម្រាប​ជូន​គម្រោង​រៀបចំ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​ធុរកិច្ច នៃសហភាព អារ៉ាប់រួម នឹងមកកាន់កម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាង​មុខ​នេះ ​ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសក្តានុពល និងការ ស្វែងរកឱកាសវិនិយោគ ដើម្បី​ជំរុ​ញ​ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះបន្ថែម។ ឯកឧត្តម​ឯកអ​គ្គ​រដ្ឋ​ទូត​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ចាប់ពីខែ មិថុនា ខាងមុខនេះ ប្រទេសទាំងពី​រ​នឹង​មាន​ការ​ហោះ​ហើរ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថ្មី​ៗ​ ដែលនិងជំរុញដល់ការធ្វើ ពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពអារ៉ាប់រួមបន្ថែម។

ឯកឧត្តម Aldhaheri លើកឡើងបន្ថែមថា (យើងមើលមកប្រទេសកម្ពុជា យើងឃើញសក្តានុពល យើង​ឃើញការរីកចម្រើន) ចំណែកពាក់ព័ន្ធបច្ចេកវិទ្យាវិញ សហភាពអារ៉ាប់រួម មានក្រុម​ហ៊ុន​ជំនាញ ​AI និងមជ្ឈមណ្ឌលទិន្នន័យទំនើប តាមរយៈនេះ ឯកឧត្តម នឹងនាំពួកគេមកកម្ពុជា យ៉ាង​ហោច​​ណាស់ក៏អាចចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង AI ការបង្កើត App និង Software ផ្សេងៗ​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia