Connect with us

ព័ត៌មាន

មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដាក់ឱ្យប្រើប្រាស់សាកល្បងផតថលយថាភូតកម្មសញ្ញាណរួម សម្រាប់ស្ថាប័ន អ.ស.ហ.

មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់សាកល្បង ស្តីពីផតថលយថាភូតកម្មសញ្ញាណរួម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍស្ថាប័ន និងវិស័យស្ថិតក្រោមដែនសមត្ថកិច្ចរបស់និយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សាកល្បង ស្តីពីផតថលយថាភូតកម្មសញ្ញាណរួមនៃ អ.ស.ហ. នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការធ្វើបរិវត្តកម្មឌីជីថល ដែលត្រូវបានចាត់ទុកជារបៀបវារៈអាទិភាពគន្លឹះ ក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ដើម្បីរួមវិភាគទានដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់មិនអាចខ្វះបាន តួយ៉ាងហេដ្ឋារចនាសម្ព័ន្ធធ្វើយថាភូតកម្មអត្តសញ្ញាណរួម សម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន និងនាពេលអនាគត។

ឯកឧត្តម បន្តថា ជាការពិតការផ្សព្វផ្សាយនិងការដាក់ឱ្យប្រើប្រាស់សាកល្បងនូវ “ផតថលយថាភូតកម្មសញ្ញាណរួមនៃ អ.ស.ហ.” គឺជាផ្នែកមួយនៃការអនុវត្តវិធានការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ដែលស្ថិតនៅក្រោមឆត្រ “ហេដ្ឋារចនាសម្ព័ន្ធគាំទ្របរិវត្តកម្មឌីជីថល”​។ សមិទ្ធផលនេះ នឹងជួយកសាងបាននូវមូលដ្ឋានគ្រឹះឌីជីថលនិងជំរុញការចាប់យកឌីជីថល សំដៅធ្វើឱ្យគ្រប់តួអង្គពាក់ព័ន្ធអាចធ្វើដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថលជាបណ្តើរៗ ប្រកបដោយជវភាព។

ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងថា មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងនាមជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. បានសិក្សានិងរៀបចំនូវផតថលយថាភូតកម្មសញ្ញាណរួមនៃ អ.ស.ហ. សម្រាប់ដំណោះស្រាយមួយក្នុងការធ្វើយថាភូតកម្មរួម ដើម្បីចូលប្រើប្រាស់ ឬតភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានច្រើន ដោយប្រើប្រាស់ព័ត៌មានអត្តសញ្ញាណតែមួយ។ តាមរយៈផតថលនេះ គ្រប់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងអស់ក្រោមឱវាទ អ.ស.ហ. អាចតភ្ជាប់មកកាន់ផតថលនេះតែមួយ ដែលដើរតួនាទីជាប្រព័ន្ធកណ្តាលក្នុងការធ្វើយថាភូតកម្មដោយនឹងមិនជំនួសហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ឬថ្នាលឌីជីថលគ្រឹះណាមួយនោះទេ ពោលគឺគ្រាន់តែលើកកម្ពស់ការប្រើប្រាស់ (leverage) ឬប្រមូលផ្តុំ ឬធ្វើសមាហរណកម្ម (Integration) ថ្នាលទាំងនោះ ដោយផ្តល់ជូននូវជម្រើសយថាភូតកម្មច្រើន។

ឯកឧត្ដមប្រធានមជ្ឈមណ្ឌល លើកឡើងបន្ថែមថា ការរៀបចំផតថលយថាភូតកម្មអត្តសញ្ញាណរួម គឺជាកិច្ចការដ៏មានសារៈសំខាន់ និងចាំបាច់របស់ អ.ស.ហ. ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍស្ថាប័ននិងវិស័យ។ ជាក់ស្តែង អ.ស.ហ. ដែលមាននិយ័តករ និងអង្គភាពជាសេនាធិការចំនួន៨ បាននិងកំពុងរៀបចំថ្នាលនិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើន ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្រោមសមត្ថកិច្ចរបស់ខ្លួន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងារនិងការបម្រើសេវាសាធារណៈ។ ការណ៍នេះ ធ្វើឱ្យបញ្ហាប្រឈមចម្បងមួយលេចឡើង គឺការធ្វើយថាភូតកម្ម (Authentication ឬ Login) និងការកំណត់សិទ្ធិចូលប្រើប្រាស់ ខណៈថ្នាលនិងប្រព័ន្ធនីមួយៗ ត្រូវបានរៀបចំឱ្យមាននូវមុខងារយថាភូតកម្ម និងការកំណត់សិទ្ធិចូលប្រើប្រាស់ផ្សេងគ្នា និងស្ទួនគ្នា ដែលធ្វើឱ្យខាតបង់ទាំងធនធាន ទាំងពេលវេលា និងប្រសិទ្ធភាព៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia