ព័ត៌មាន
កម្ពុជា ចិន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនថែមទៀត
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្នុងឱកាសនៃជំនួបឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចបវរធិបតីជាថ្មីម្តងទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរីកចម្រើននៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងជាមិត្តដែកថែបកម្ពុជា-ចិន។
ជាការឆ្លើយតបសម្តេចបវរធិបតីក៏បានសម្តែងនូវក្តីរីករាយ ចំពោះជំនួបជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីចិន។ សម្តេចបវរធិបតីបានឯកភាពអំពីសារៈសំខាន់នៃជំនួបកម្រិតថ្នាក់ដឹកនាំប្រទេសក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគី ព្រមទាំងបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលតាមរយៈដំណើរទស្សនកិច្ចនេះ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាថែមទៀត។
ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសការពេញចិត្តនៃការដំឡើងកម្រិតដល់ «ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី» ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តលើកកម្ពស់ទំនាក់ទំនងលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត តាមរយៈការប្រែក្លាយផែនការនានាឱ្យចេញជាសកម្មភាពជាក់ស្តែង។ ជាពិសេស ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារជាតិ និងសន្តិសុខ, អប់រំ, បច្ចេកវិទ្យា, ឧស្សាហកម្ម និងកសិកម្មតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងអង្ករ»។ បន្ថែមលើនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន, ការជំរុញវិស័យទេសចរណ៍ និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ចិនឱ្យកាន់តែច្រើនថែមទៀត៕







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់