ព័ត៌មាន
ឯកឧត្តម ចាយ បូរិន៖ ក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព និងការប្រតិបត្តិខាងជំនឿសាសនា
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រិស្តសាសនា ក្រោមប្រធានបទ «ពុទ្ធបរិស័ទ និងគ្រស្តិបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់» នៅព្រះសហគមន៍កាតូលិកកម្ពុជា ព្រឹកថ្ងៃទី២៧ ខែឧសភានេះ។
«កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រិស្តសាសនា»នេះ មានការនិមន្តចូលរួមពីសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ អនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា និងសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទ និងគ្រិស្តបរិស័ទ ប្រតិភូអន្តរសាសនាអន្តរជាតិតំណាងប្រមាណ២០ប្រទេស នៅតំបន់អាស៊ី អ៊ឺរ៉ុប អាមេរិច ។
ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា កម្ពុជា កំពុងស្ថិតក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានធានា និងលើកកម្ពស់ជាបន្តបន្ទាប់ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ សេរីភាពពេញទីខាងជំនឿសាសនា និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ មានតែក្រោមម្លប់នៃសន្តិភាព ទើបយើងអាចមានកាលានុវត្តភាព ដើម្បីអនុវត្តសិទ្ធិសេរីភាព ជាពិសេសសិទ្ធិខាងជំនឿសាសនា។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍គោរពសម្តែងនូវកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបាននាំប្រទេសឱ្យមានសន្តិភាពពេញលេញ តាំងពីឆ្នាំ១៩៩៨មក និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ព្រមទាំងគោរពសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ហើយប្រធានបទ «ពុទ្ធបរិស័ទ និងគ្រស្តិបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់»នេះ ស័ក្តិសមសម្រាប់ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ដែលជាប្រទេសធ្លាប់មានប្រវត្តិសាស្ត្រនៃការបែកបាក់ជាង៥០០ឆ្នាំ ហើយអាចសម្រេចបានសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មានការធានា បីយ៉ាងសំខាន់គឺ៖១-ធានាអាយុជីវិតនិងរូបកាយ ២-ធានាអាជីព និងមុខរបរ ៣-ធានាកម្មសិទ្ធិទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ ដែលការធានាទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្តីអត់ធន់ សណ្តោសប្រណី ការសម្រុះសម្រួល ការឱ្យអភ័យ ការផ្សះផ្សារជាតិ ផ្តោតសំខាន់លើការកសាងសន្តិភាព ថែរក្សា និងពង្រឹងសន្តិភាព វិបុលភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន។ ក្រសួងធម្មការ និងសាសនា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា លើវិស័យធម្មការ និងសាសនា បានអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ គោលនយោបាយនេះស្ថិតនៅបញ្ចកោណទី១ មុំទី៥ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងពុទ្ធសាសនានិងគ្រិស្តសាសនា ក្រោមប្រធានបទ “ពុទ្ធបរិស័ទ និងគ្រីស្ទបរិស័ទរួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់” នាពេលនេះ ជាឱកាសមួយថ្មីទៀតសម្រាប់ការផ្លាស់ប្តូរទស្សនៈ ការបញ្ជាក់ឡើងវិញអំពីគុណតម្លៃរួម និងភាពផ្សេងគ្នានៃការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ និងការបង្រៀនរបស់ព្រះយេស៊ូគ្រឹស្ដ។
បន្ទាប់ពីសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា និងថ្នាក់ដឹកនាំនៃកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិ បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងពិធីកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិ លើកទី៨នេះរួចមក ឯកឧត្តមអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ នឹងពិនិត្យលើការសន្ទនា ៤ទម្រង់សំខាន់ៗ៖ទី១ ជាកិច្ចសន្ទនានៃជីវិត ដែលគ្រិស្តបរិស័ទ និងពុទ្ធសាសនិករស់នៅក្បែរគ្នាក្នុងការថែរក្សាគ្នាទៅវិញ ទៅមក និងសាមគ្គីភាពប្រចាំថ្ងៃ។ ទី២ ជាកិច្ចសន្ទនានៃសកម្មភាព ដែលយើងរួមគ្នាតាមរយៈអង្គការមិនមែនរដ្ឋាភិបាល សេវាសង្គម និងស្ថាប័នអប់រំគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនក្រីក្រ ចាស់ជរា និងជនងាយរងគ្រោះ។ ទី៣ ជាការសន្ទនានៃការផ្លាស់ប្តូរទ្រឹស្តី និងជំនឿ ដែលយើងទាំងអស់គ្នាអាចចែករំលែក និងរៀនពីគ្នាទៅវិញទៅមកបាន។ ទី៤ ជាការសន្ទនានៃបទពិសោធន៍ខាងសាសនា ដែលមានភាពស្ងៀមស្ងាត់ ការអធិស្ឋាន និងការតាំងសមាធិបើកចិត្តរបស់យើងចំពោះព្រះ និងស្វែងរកសន្តិភាពក្នុងចិត្ត និងសន្តិភាពសម្រាប់មនុស្សជាតិ។ កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងពុទ្ធសាសនា និងគ្រីស្ទសាសនា មិនគ្រាន់តែបានចូលរួមចំណែកធ្វើឱ្យមានការយល់ដឹងអំពីគុណតម្លៃរួម ភាពផ្សេងគ្នា ការយោគយល់គ្នា លើកកម្ពស់សាមគ្គីធម៌ ក្នុងនាមជាបងប្អូនរួមជាតិ និងរួមចំណែកធ្វើឱ្យមានសុខដុមរមនាសាសនានៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែកិច្ចសន្ទនានេះ នឹងផ្ដល់វិភាគទានដ៏សំខាន់ដល់សុខដុមរមនាសាសនានៅក្នុងតំបន់ និងពិភពលោកផងដែរ៕ អត្ថបទ រដ្ឋា

-
ព័ត៌មាន1 week ago
PRESS BRIEFING | Update on the Implementation of the Immediate and Unconditional Ceasefire Agreement between Cambodia and Thailand
-
ព័ត៌មាន7 days ago
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនវីរភាពកងទ័ពពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week ago
PRESS BRIEFING | Update on the implementation of the Immediate and Unconditional Ceasefire Agreement between Cambodia and Thailand
-
ព័ត៌មាន6 days ago
PRESS BRIEFING | Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand
-
ព័ត៌មាន4 days ago
[BREAKING] Thai troops continue to violate Cambodian sovereignty by illegally encroaching in Anseh area
-
ព័ត៌មាន3 days ago
TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:
-
ព័ត៌មាន5 days ago
TOP STORY | សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងចាត់វិធានការផ្សេងៗដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាទាំង១៨រូបដែលថៃចាប់ខ្លួនឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព
-
កីឡា4 days ago
ជឺជីតស៊ូកម្ពុជាបញ្ជូនកីឡាករ ២រូប ចូលរួមប្រកួតព្រឹត្តិការណ៍ World Games នៅចិន