ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អានុសាសន៍ ៥ចំណុច ក្នុងការលើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ
នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យអាទិភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ចំនួន ៥ចំណុច រួមមាន៖ ១. គ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត។ ត្រូវកសាងផែនការជាក់ស្តែង សម្រាប់អភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដោយធានាឱ្យបាននូវគុណភាព គុណវុឌ្ឍិ គុណធម៌ផ្អែកលើគោលការណ៍គុណាធិបតេយ្យ។ ២. គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តសហការជាមួយក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ដើម្បីជ្រើសរើសមន្រ្តីរាជការ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកទទួលការបំពាក់បំប៉ន និងបណ្តុះបណ្តាល ឱ្យក្លាយជាមន្ត្រីល្អឈានមុខក្នុងអង្គភាពគំរូ នៃវិស័យសាធារណៈ។ ៣. គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវអប់រំដល់មន្រ្តីរាជការគ្រប់រូប ឱ្យកសាងវប្បធម៌នៃការពុះពារសិក្សារៀនសូត្រជាប្រចាំពេញមួយជីវិត ដើម្បីកសាងរដ្ឋបាលសាធារណៈមួយដែល “ស្អាតស្អំ ខ្លាំង ឆ្លាតវៃ និងយកប្រជាជនជាស្នូល”។ ៤. សាលាភូមិន្ទរដ្ឋបាលត្រូវកែទម្រង់ការដឹកនាំ គ្រប់គ្រង លើកកម្ពស់គុណភាព សមត្ថភាពនៃការអប់រំសិក្សា និងការស្រាវជ្រាវបម្រើឱ្យការរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ និងធ្វើទំនើបកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមការវិវត្តរីកចម្រើននៃវិស័យសាធារណៈក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិក្នុងយុគសម័យឌីជីថល ហើយក៏ដើម្បីឆ្លើយតប និងគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥។ និង ៥. សាលាភូមិន្ទរដ្ឋបាល ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ ដោយបង្កើតឱ្យមាន “វេទិកាភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ”។
ពិធីនារសៀលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាសាលា គណៈគ្រប់គ្រងសាលា ក្រុមប្រឹក្សាវិទ្យាសាស្ត្រ សាស្ត្រចារ្យ គ្រូឧទ្ទេស មន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាមទាំងអស់របស់សាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ២,០០០អង្គ/នាក់៕







-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា