ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្រ្តីចូលរួមរំលែកទុក្ខ គ្រួសារសពផ្ទុះមីនតោននៅខេត្តប៉ៃលិន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានចាត់ឲ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីឯកឧត្តម ផេង សិទ្ធី សមាជិកគណៈកម្មាធិការ សាខាខេត្តបាត់ដំបង និង អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបវិល ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក យ៉ាន ដា អាយុ២៤ឆ្នាំ មានមុខរបរស៊ីឈ្នួលបើកត្រាក់ទ័រ បានស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលបើកត្រាក់ទ័រភ្ជួររាស់ដីចម្ការ ក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ការមកចូលរួមបុណ្យសពនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដ៏រន្ធត់ និងសោកសង្រេងនេះភ្លាម គឺស្របពេលដែលក្រុមការងារ កំពុងបំពេញបេសកកម្មនៅខេត្តបាត់ដំបងនេះស្រាប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកជំទាវមកចូលរួមបុណ្យផ្ទាល់ ដោយនាំយកថវិកាចំនួន៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនសម្រាប់យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយអ្នកស្រី ជន ស្រីនិត ភរិយា និងក្រុមគ្រួសារសព ដែលបានបាត់បង់ប្តី ឪពុក សមាជិកគ្រួសារជាទីគោរពស្រលាញ់ ជាអ្នកទ្រទ្រង់ដ៏សំខាន់ក្នុងជីវភាព និងការរស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសនោះលោកជំទាវ និងសហការី សូមបួងសួងដល់វិញ្ញាណក្ខន្ធសពលោក យ៉ាន់ ដា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះសូមអ្នកស្រី ជន ស្រីនិត ភរិយានៃសព ដែលកំពុងពពោះ ជិតដល់ថ្ងៃសម្រាល និងមានកូនស្រីអាយុ៣ខួបផងនោះ សូមថែទាំសុខភាព និងពង្រឹងស្មារតី កម្លាំងកាយចិត្ត ឲ្យបានល្អព្រោះត្រូវទទួលបន្ទុកមើលថែ និងផ្តល់ភាពកក់ក្តៅ និងជាក្តីសង្ឃឹមសម្រាប់ពួកគាត់ទាំងពីរតទៅមុខទៀត។

អ្នកស្រី ជន ស្រីនិត ភរិយានៃសព សូមគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខ ខណៈដែលកំពុងរងទុក្ខដ៏សោកសៅជាទីបំផុតនេះ ជាមួយថវិកា៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត អ្នកស្រីគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំង ពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងរហូតតទៅ៕ អត្ថបទ៖ សំ ងីម



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់