Connect with us

ព័ត៌មាន

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទអរគុណរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែល​បាន​រួម​ចំណែក​ អភិវឌ្ឍ​និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុ​ជា​លើ​ជំនាញ​យោធា​ជា​ច្រើន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បា​ន​ទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកឧត្តម ឧត្តមសេនីយ៍ទោ Markovchin Sergei មេបញ្ជាការរងកងទ័ពជើងគោករុស្ស៊ី ទទួលបន្ទុកការងារយោធា និងនយោបាយ ក្នុងឱកាស​ដឹកនាំ​គណៈ​ប្រតិភូ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និង​វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងរុស្ស៊ី ដែ​ល​នៅ​ឆ្នាំ​២០២៦នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពរុស្ស៊ី ដែលបាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ លើ​ជំនាញ​យោធា​ជា​ច្រើន​។

ឯកឧត្តមអគ្គមេបញ្ជាការបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ លើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឆបោកតាមបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព និងការធ្វើលំហាត់សមយុទ្ធយោធារួម។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Markovchin Sergei បានសម្តែងសេចក្តីរីករាយចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា ក្នុងការសាងសង់សាលាហ្វឹកហ្វឺនជំនាញរថក្រោះរបស់កងទ័ពជើងគោក និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការជួយបណ្តុះបណ្តាលកងទ័ពកម្ពុជា ដោយផ្អែកលើបទពិសោធន៍ដ៏ទូលំទូលាយរបស់ខ្លួនក្នុងវិស័យនេះ។

ជំនួបនេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់កម្ពុជា និងរុស្ស៊ី ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia