កីឡា
បឹងកេត ក្លាយជាក្លិបទី៣ ដែលផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ
ក្លិបបាល់ទាត់បឹងកេត បានក្លាយជាក្លិបសមាជិកលីគកំពូលកម្ពុជាទី៣ ដែលបានប្រកាសផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុនឧបត្ថម្ភ EGO Sport ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់របស់ថៃ ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន បន្ទាប់ពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ រហូតមានការប៉ះទង្គិចប្រដាប់អាវុធ កាលពីថ្មីៗកន្លងទៅ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបបឹងកេត កាលពីល្ងាចថ្ងៃពុធកន្លងទៅ បានបញ្ជាក់ថា បន្ទាប់ពីបានគិតគូរនិងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ប្រកបដោយស្មារតីយោគយល់ និងគោរពគ្នាទៅវិញទៅមក ក្លិបបឹងកេត និងក្រុមហ៊ុនឧបត្ថម្ភ EGO Sport ដែលជាដៃគូរបស់ក្លិបរយៈពេល ៦ឆ្នាំមកហើយ បានឯកភាពគ្នាផ្អាកកិច្ចសហការជាមួយគ្នាដោយអាស្រ័យកាលៈទេសៈនៃស្ថានភាពបច្ចុប្បន្ននេះ ទោះបីជាកិច្ចសន្យានៅសល់សុពលភាពនៅឡើយក៏ដោយ។
យ៉ាងណាមិញ ដើម្បីទាន់ការចាប់ផ្ដើមរដូវកាលថ្មី ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតនាចុងសប្ដាហ៍នេះ ក្នុងស្ថានភាពបន្ទាន់នេះ ក្លិបបានសម្រេចសូមរក្សាជម្រើស ដែលមានជាក់ស្ដែងចំពោះមុខ គឺការប្រើប្រាស់សម្ភារដែលបានផលិតនិងបោះពុម្ពរួចរាល់តាំងពីមុនមានភាពតានតឹងកើតឡើង សម្រាប់កីឡាករ និងមន្រ្តីក្រុម ដោយក្លិបនឹងប្រើប្រាស់ជាបណ្តោះអាសន្នសិន ខណៈដែលក្លិបកំពុងស្វែងរកដៃគូឧបត្ថម្ភថ្មីដែលមានគុណភាពល្អសម្រាប់សហការនារដូវកាលក្រោយ។
ទន្ទឹមជាមួយគ្នា គណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់របស់ក្លិប ក៏បានថ្លែងអំណរគុណ ចំពោះការយោគយល់ និងការគាំទ្រពីសំណាក់អ្នកគាំទ្រទាំងអស់ ក្នុងកាលៈទេសៈដ៏លំបាកនេះ ហើយរាល់ថវិកាដែលបានពីការលក់សម្លៀកបំពាក់របស់ក្លិបរដូវកាលថ្មី ក្លិបនឹងដកចំណែកចំនួន ២ដុល្លារក្នុងមួយអាវ ដើម្បីយកទៅបរិច្ចាគដល់មូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋជនភៀសសឹក ដែលរងផលប៉ះពាល់ និងគាំទ្រដល់វីរកងទ័ពជួរមុខរបស់កម្ពុជាផងដែរ។
គួរដឹងថា កាលពីថ្មីៗកន្លងទៅ មានក្លិបបាល់ទាត់កម្ពុជា ២ក្រុមមកហើយ ដេលបានប្រកាសផ្អាកកិច្ចសន្យាបណ្ដោះអាសន្នជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ថៃ រួមមានក្លិបក្លិបភ្នំពេញក្រោន បានផ្អាកកិច្ចសន្យាជាមួយក្រុមហ៊ុន Warrix និងក្លិបណាហ្គាវើលដ៏ បានប្រកាសផ្អាកកិច្ចសហការជាមួយក្រុមហ៊ុន FBT៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕

-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
-
ព័ត៌មាន3 days agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoសមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា