Connect with us

ព័ត៌មាន

យុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បី​បម្រើ​ជាតិ​មាតុភូមិ

យុវជនក្នុងខេត្តកំពង់ឆ្នាំង បានសំដែងនូវមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដែល​ជា​បំណង​ប្រាថ្នារបស់ពួកគេ និងគ្រួសារ។ ពួកគេនឹងខិតចំហ្វឹក​ហាត់​លត់​ដំខ្លួ​ន​ឱ្យ​មាន​សមត្ថភាព​ដើម្បី​ចូល​រួមការពារជាតិ។

យុវជននៅខេត្តកំពង់ឆ្នាំង ដែលបានដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចរួចរាល់ នៅថ្ងៃទី១៧ ខែ​តុលានេះ ដែលជាថ្ងៃចុងក្រោយនៃការទទួលពាក្យ បានលើកឡើងថា ពួក​គេ​នឹង​ប្រើ​ប្រាស់​ពេល​វេលា​ពេល​ពីរ​ឆ្នាំ ក្នុងការវហ្វឹកហាត់អនុវត្តកាតព្វកិច្ចយោធានេះ ដើម្បីប្រែក្លាយ​ខ្លួនជា​យុវជន​រឹង​មាំ។​ ការចូលរួមហ្វឹកហាត់យោធា នឹងផ្ដល់ឱកាសដល់ពួកគេរៀនពីភាពអត់ធន់ ការធ្វើ​ការ​ងារ​ជា​ក្រុម​ រស់នៅជាក្រុម សាមគ្គីភាព។

ពួកគេបាន​យល់អំពីកាលៈទេសៈនៃការចាប់ផ្ដើមអនុវត្តកាតព្វកិច្ចយោធាពីពេលនេះទៅ គឺពិតជា​មាន​សំខាន់សម្រាប់ជាតិទៅពេលអនាគត។

អាណាព្យាបាល​យុវជន បានគាំទ្រ និងជំរុញកូនចៅរបស់​ខ្លួន​ប្រកបដោ​យ​មោទនភាព​ក្នុង​ការ​ចូល​បំពេញ​កាតព្វកិច្ចយោធា ខណៈប្រទេសជាតិមានតម្រូវការកម្លាំងយុវជនចូលរួមការពារជាតិ។ យុវជន​ត្រូវតែហ្វឹកហាត់លត់ដំខ្លួនដើម្បីមានកាយសម្បទារឹងមាំសម្រាប់ការពារជាតិ។

ឧត្តម​សេនីយ៍ត្រី អ៊ុំ សុភា ប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រាជ​រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដើម្បីផ្ដល់​ឱកាស​ឱ្យ​យុវជន​ជំនាន់​ថ្មី​មាន​លទ្ធភាពក្នុងការចូលរួមការពារជាតិ ប្រកបដោយវិន័យ មានការលត់ដំ មាន​កាយ​សម្បទា​រឹងមាំ មានជំនាញវិជ្ជាជីវៈ មានឆន្ទៈ មនសិការ ឧត្តមគតិស្នេហាជាតិ និងហ៊ានធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាងប្រកបដោយភាពអង់អាចក្លាហានដើម្បីបុព្វហេតុជាតិមាតុភូមិ និងក្លាយជា​ធន​ធាន​មនុស្ស​ដែល​ស្ថាប័នរដ្ឋ និងឯកជនចង់បានយកទៅបម្រើការ។

ការអនុវត្តច្បាប់​កាតព្វកិច្ចយោធា នៅឆ្នាំ២០២៦នេះ បានធ្វើឱ្យយុវជនចាប់ពីអាយុ១៨-២៥ឆ្នាំ មាន​ឱកាសចូលបំពេញកាតព្វកិច្ចយោធា ហើយយុវជនជាច្រើនបានសាទរ និងអះអាងថា ពួក​គេ​បាន​ដាក់​ពាក្យចូលបំរើជាយោធារួចរាល់ នៅចាំតែថ្ងៃចូលហ្វឹកហ្វឺននៅតាមសាលា៕ អត្ថបទ៖ កាំង ហុងវាស្នា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia