ព័ត៌មាន
កម្ពុជា និងអូស្ត្រាលីសហការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុកើនឡើង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងប្រទេសអូស្ត្រាលី នៅថ្ងៃនេះ បានបើកសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦ ដោយមានតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ប្រមាណ ៣៥០រូបចូលរួម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ។

កម្មវិធីរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “នវានុវត្តន៍ថ្ងៃនេះ ដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក” ដើម្បីផ្តល់ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង តាំងបង្ហាញបច្ចេកវិទ្យានវានុវត្តន៍ក្នុងវិស័យទឹកស្អាត ពង្រឹងភាពជាដៃគូ និងស្វែករកដំណោះស្រាយជាក់ស្តែង ក្នុងការលើកកម្ពស់សន្តិសុខទឹក ពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងពង្រីកការផ្តល់សេវាទឹកស្អាតដែលធន់នឹងអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា។
សន្និសីទនេះប្រព្រឹត្តិទៅ ខណៈដែលប្រទេសកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងសម្ពាធប្រភពទឹក។ ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យ ដែលពាក់ព័ន្ធនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងការផ្លាស់ប្តូររបបទឹកភ្លៀង។ ហានិភ័យទាំងនេះកើនឡើងស្របពេលនឹងកំណើននៃតម្រូវការសេវាទឹកស្អាត ដែលដាក់សម្ពាធបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានដែលមានស្រាប់។
ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងកំពុងបន្តឆ្ពោះទៅសម្រេចគោលដៅផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនគ្រប់រូបត្រឹមឆ្នាំ២០៣០។ ទោះជាយ៉ាងណា ការផ្តល់សេវាទឹកស្អាតប្រកបដោយភាពជឿទុកចិត្ត តម្លៃសមរម្យ និងនិរន្តរភាព ដល់សហគមន៍នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល នៅតែជាបញ្ហាប្រឈម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា “ការទទួលបានទឹកស្អាត និងមានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ។ ខណៈដែលកម្ពុជាកំពុងប្រឈមនឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ រួមមានគ្រោះរាំងស្ងួត និងទឹកជំនន់ ការបន្តជំរុញនវានុវត្តន៍ និងភាពជាដៃគូរឹងមាំរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មានសារសំខាន់កាន់តែខ្លាំង ដើម្បីធានាការផ្គត់ផ្គង់សេវាទឹកស្អាតប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។”

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ “អូស្ត្រាលី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការជាមួយប្រទេសកម្ពុជា លើវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត។ តាមរយៈភាពជាដៃគូអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងវិស័យទឹកស្អាត អូស្ត្រាលី បានជួយឱ្យប្រជាជនកម្ពុជា ចំនួន ១,៣លាននាក់ ទទួលបានទឹកស្អាតតាមបំពង់ប្រើប្រាស់។ ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុ និងតម្រូវការទឹកបន្តកើនឡើង អូស្ត្រាលីនឹងបន្តគាំទ្របច្ចេកវិទ្យានវានុវត្តន៍ និងយន្តការហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដែលអាចជួយប្រតិបត្តិករផ្គត់ផ្គង់សេវាទឹកស្អាតចាំបាច់ទៅប្រជាពលរដ្ឋនៅទូទាំងប្រទេស។”
ការគាំទ្ររបស់អូស្ត្រាលីបានជួយឱ្យប្រតិបត្តិករឯកជនពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ទៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ហើយកំពុងបន្តពង្រឹងសមត្ថភាពវិស័យ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

លោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានលើកឡើងថា៖ “ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីការចែករំលែកបទពិសោធន៍ សន្និសីទនេះក៏ផ្តល់ជាឱកាសដ៏សំខាន់សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការតាំងបង្ហាញ សិក្សា និងចាប់យកបច្ចេកវិទ្យាថ្មីៗ ពង្រឹងភាពជាដៃគូ និងកំណត់ដំណោះស្រាយជាក់ស្តែង ដែលអាចជួយពង្រីកសេវាទឹកស្អាតប្រកបដោយភាពជឿទុកចិត្ត និងតម្លៃសមរម្យនៅទូទាំងប្រទេស។”
សន្និសីទនេះរួមមានបទបង្ហាញបច្ចេកទេស និងកិច្ចពិភាក្សា ស្តីពីបច្ចេកវិទ្យាទឹកស្អាតឆ្លាតវៃ ថាមពលស្អាត និងសេវាផ្គត់ផ្គង់ទឹកស្អាតដែលមិនមានការបំភាយឧស្ម័ន ភាពធន់នឹងអាកាសធាតុនិងសន្តិសុខទឹក ការគ្រប់គ្រងនិងហិរញ្ញប្បទានសេវាទឹកស្អាតប្រកបដោយនិរន្តរភាព ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍអ្នកដឹកនាំជំនាន់ក្រោយក្នុងវិស័យទឹកស្អាតរបស់កម្ពុជា។
នេះជាលើកដំបូង ដែលសន្និសីទរួមបញ្ចូលវេទិកាផ្គូផ្គងអាជីវកម្ម ដែលអនុញ្ញាតឱ្យប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ អ្នកផ្តល់សេវាគាំទ្រនានា និងដៃគូអភិវឌ្ឍន៍ ស្វែងរកភាពជាដៃគូ ឱកាសវិនិយោគ និងដំណោះស្រាយអាជីវកម្ម ដើម្បីពង្រឹងវិស័យទឹកស្អាតបន្ថែមទៀត។
ពិព័រណ៍ទឹកស្អាតក៏បាននាំយកផលិតផល សេវាកម្ម និងបច្ចេកវិទ្យានវានុវត្តន៍ពីស្ថាប័នក្នុងស្រុក និងអន្តរជាតិ ដែលកំពុងធ្វើការលើការគ្រប់គ្រងទឹកស្អាត ប្រសិទ្ធភាពប្រតិបត្តិការ និងការផ្តល់សេវា៕






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ