ព័ត៌មាន
ជំនាញកំពុងពន្លឿនធ្វើឯកសារអត្តសញ្ញាណកម្ម ដល់អតីតពលករមកថៃ សម្រាប់ប្រើប្រាស់កិច្ចការផ្សេងៗ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កំពុងពន្លឿនការធ្វើឯកសារអត្តសញ្ញាណកម្ម ក្នុងនោះមានសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនអតីតពលករ មកពីប្រទេសថៃ ដើម្បីឲ្យពួកគេ មានឯកសារកំណើតគ្រប់គ្រាន់ ទុកសម្រាប់ប្រើប្រាស់ក្នុងកិច្ចការផ្សេងៗ ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី ការជំរុញផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរ ដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ដែលមានមន្ត្រីពាក់ព័ន្ធតាំងពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជិត ៦ពាន់នាក់ ចូលរួមប្រជុំដោយផ្ទាល់ និងតាមហ្សួម (Zoom) នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងថា ចាប់តាំងពីមានករណីទាហានថៃ លួចមកបាញ់ប្រហារកងទ័ពខ្មែរបណ្ដាលឲ្យពលីម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា គឺមានសកម្មភាពពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ជាហូរហែរ ។
ឯកឧត្តម បានបន្តថា ជាពិសេសចាប់ពីមានការផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពកម្ពុជា-ថៃ ពីថ្ងៃទី២៤ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៥ ចលនានៃការវិលត្រឡប់មកប្រទេសកំណើតវិញនេះ បានហក់ឡើងយ៉ាងគំហុក ហើយមកដល់ពេលនេះ មានជាង៩២ម៉ឺននាក់ហើយ ដែលក្នុងចំណោមនេះ ពួកគេមួយចំនួនពុំមានឯកសារកំណើត ឬអ្នកខ្លះទៀត ឯកសារហួសសុពលភាព ខូចខាត ឬបាត់បង់ជាដើម។
ឧត្តមសេនីយ៍ឯកបណ្ឌិត គូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះហើយ ទើបរាជរដ្ឋាភិបាល ណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធខិតខំ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរទើបត្រឡប់ពីប្រទេសថៃ និងអ្នកពុំទាន់មានឯកសារអត្តសញ្ញាណកម្ម មានឯកសារសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា ដែលការងារនេះ គឺអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានចាត់ចែងក្រុមការងារទទួលបន្ទុករួចរាល់ហើយផងដែរ ។
ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា ការពន្លឿនធ្វើឯកសារអត្តសញ្ញាណកម្ម ដល់បងប្អូនអតីតពលករមកពីប្រទេសថៃ និងអ្នកពុំទាន់មាននេះ ដើម្បីបង្កភាពងាយស្រួលដល់ពួកគេ ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំសេវាផ្សេងៗ សម្រាប់តម្រូវការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ