ព័ត៌មាន
ក្រសួងការបរទេសកម្ពុជាបញ្ជូនលិខិតតវ៉ាជាផ្លូវការជាថ្មីទៅភាគីថៃ ជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំងយោធា ចូលតំបន់ពលរដ្ឋខ្មែរ បាននឹងកំពុងរស់នៅ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត ជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំងយោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅជាច្រើនទសវត្សរ៍មកហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ការរាយបន្លាលួស សំណាញ់ របាំង និងកង់ឡានដោយយោធាថៃ កាលពីខែសីហា ឆ្នាំ២០២៥ នៅ ចំណុចភូមិចំនួនពីរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្កនូវទុក្ខលំបាក យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរជាច្រើនគ្រួសារ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និងដីស្រែ ចម្ការរបស់ពួកគេ និងកំពុងទន្ទឹងរង់ចាំដំណោះស្រាយស្ថានភាពនេះ។
ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី ២៦ និង ២៨ ខែសីហា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ Wanchana Sawasdee ប្រធាន ការិយាល័យសម្របសម្រួលបេសកកម្មសន្តិសុខជាតិ ក្រោមការដឹកនាំ ប្រតិបត្តិការយោធានៃកង ទ័ពភូមិន្ទថៃ បានប្រកាសជាសាធារណៈនូវឱសានវាទឱ្យកម្ពុជា «ជម្លៀស» ពលរដ្ឋរបស់ខ្លួនចេញពីភូមិជោគជ័យ ក្នុងរយៈពេល ៣-៦ ខែខាងមុខ បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខពីការបណ្តេញចេញដោយការប្រើប្រាស់កម្លាំងពីសំណាក់យោធាថៃ។ ស្របពេលដែលអាជ្ញាធរថៃបានដំឡើងផ្ទាំងបដាផ្សព្វផ្សាយប្រកាសខាងលើ អភិបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃក៏បានផ្ញើលិខិត ផ្លូវការមួយច្បាប់ទៅកាន់អភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធបញ្ហា នេះផងដែរ។
បើតាម ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រាល់សកម្មភាពខាងលើ និងផែនការដែលបានប្រកាសក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋថៃ លើតំបន់ដែលពលរដ្ឋខ្មែររាប់រយគ្រួសារបាននិងកំពុងរស់នៅរាប់ទស្សវត្សរ៍មកនោះ បង្កឱ្យមានការព្រួយបារម្មយ៉ាងខ្លាំងស្របនឹងការប៉ុនប៉ងបោះបង្គោលព្រំដែនជាឯកតោភាគី តាមរយៈការប្រើប្រាស់មធ្យោបាយយោធា។ នេះគឺជាការរំលោភលើអាណត្តិការងាររបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងផ្ទុយពីស្មារតីនៃអនុស្សារណៈយោគយោលគ្នាឆ្នាំ ២០00 (MOU-2000) ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ កិច្ចព្រមព្រៀងស្តីពីបទ ឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅ (GBC) នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈ កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
តាមរយៈសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយ ស្មារតីមិត្តភាព ចំពោះវិវាទព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្រប តាមច្បាប់អន្តរជាតិ និងបន្តការរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ប្រកាន់នូវជំហរជាគោលការណ៍របស់ ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងបង្ខំនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីថែរក្សាស្ថានភាពដូចដើម និងចូលរួមដោះស្រាយជម្លោះព្រំ ដែនខាងលើ តាមរយៈយន្តការ GBC និង JBC ដូចដែលភាគីទាំងពីរឯកភាពគ្នា៕



-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត