Connect with us

ព័ត៌មាន

ប្រធានសមាគមអំពាវនាវដល់អ្នកចិញ្ចឹមសត្វ ពង្រីកផលិតកម្មទៅរកការ​កែច្នៃ ដើម្បី​លើក​កម្ពស់​ការ​ចិញ្ចឹមសត្វ​ នៅកម្ពុជា

ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លើកទឹកចិត្តដល់ក្រុមហ៊ុនក្រៅប្រទេស ជាពិសេស​ក្រុម​ហ៊ុន​ដែល​កំពុង​ចិញ្ចឹមសត្វនៅក្នុង ស្រុក គួរពង្រីកផលិតកម្មបន្ថែម លើការកែច្នៃចេញ​សាច់​សត្វ​ទៅ​ជា​ផលិត​ផល​សម្រេចផ្សេងៗ ដើម្បីលើកកម្ពុជាដល់កសិករចិញ្ចឹមសត្វ និង ការជុញ​សាច់​សត្វ​លើ​ទីផ្សារ ខណៈការចិញ្ចឹមសត្វក្នុងស្រុកបានកំពុងរីកចម្រើន។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការចិញ្ចឹម ការផ្គត់ផ្គង់ និងការកែច្នៃសាច់សត្វចេញជាផលិតផលសម្រេចផ្សេងៗ នេះថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាបានកំពុងវិវឌ្ឍន៍រីកច្រើន និងកំពុងបានកំពុង ផ្លាស់ប្តូររបត់នៃការចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមជ្រូក មាន់ និងគោជាដើម ដោយពីការចិញ្ចឹមជាលក្ខណៈគ្រួសារទៅជាកសិកដ្ឋាន និង ការចិញ្ចឹមជាកសិដ្ឋានធម្មតាវិវឌ្ឍន៍ទៅបែបឧស្សាហកម្មទំនើប (ដូចជាការចិញ្ចឹមជ្រូកក្នុងម៉ាស៊ីនត្រជាក់) ប្រកបដោយគុណភាព និង ស្របតាមស្តង់ដារខ្ពស់ បច្ចុប្បន្នការចិញ្ចឹមបែបនេះបានកើតឡើងជាបន្តបន្ទាប់ ហើយនេះក៏ជាការរៀបចំខ្លួនរបស់កម្ពុជាដើម្បីឈានទៅ ប្រកួតប្រជែង ការផ្គត់ផ្គង់សាច់ក្នុងស្រុក និងមានស្តង់ដារអនាម័យខ្ពស់។

ជុំវិញការកែច្នៃ, លោក ស្រ៊ុន ពៅ ក៏បានអំពាវនាវដល់វិនិយោគិនក្រៅប្រទេស ជាពិសេសក្រុមហ៊ុនដែលចិញ្ចឹមសត្វក្នុងស្រុកធំៗ ដែលមានធនធាន ឬបច្ចេកទេសលើការកែច្នៃ សូមងាយទៅរកការវិនិយោគលើវិស័យកែច្នៃនេះឱ្យបានផុលផុស ខណៈកម្ពុជាអាចផ្គង់ផ្គង់ សាច់តាមតម្រូវការលើការកែច្នៃបានគ្រប់គ្រាន់ និងក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល ជួយគៀងគរវិនិយោគិនក្រៅស្រុកមកបណ្តាក់ទុន លើវិស័យបន្ថែម និងជួយទប់ស្កាត់ការធ្វើអាជីវកម្មខុសច្បាប់ ដើម្បីទុកឱកាសឱ្យផលិតកម្មក្នុងស្រុកងើបឡើង គាំទ្រដល់ទីផ្សារបច្ចុប្បន្ននិង អនាគត និងដើម្បីលើកកម្ពស់ដល់សុខភាពពលរដ្ឋកម្ពុជាផងដែរ។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធីគ្រុប លើកឡើងថា បច្ចុប្បន្ន វិនិយោគិនក្នុងស្រុកបានកំពុងងាកទៅរកការវិនិយោគលើវិស័យកសិកម្មដូចជា ក្រុមហ៊ុនចិញ្ចឹមជ្រូក មាន់ គោ និងការធ្វើវារីប្បកម្ម និងការ ដាំដុះណាំធុនធ្ងន់ជាដើម។ បញ្ហានេះកម្ពុជាក៏ត្រូវពង្រឹងដៃគូសហប្រតិបត្តិការជាមួយប្រទេសវៀតណាម និងជាមួយប្រទេសចិន ឱ្យកាន់តែ ជិតស្និត ដើម្បីជំរុញកសិកម្មឱ្យក្លាយជាចន្ទល់សេដ្ឋកិច្ចរបស់កម្ពុជាកាន់តែរឹងមាំ។​

ជុំវិញអនុវិស័យចិញ្ចឹមសត្វនេះ បើយោងតាមរបាយការណ៍ស្តីពីលទ្ធផលការអនុវត្តន៍ថវិកាឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញឱ្យដឹងថា វិស័យកសិកម្ម ត្រូវបានវាយតម្លៃឡើងវិញថា មានកំណើនថមថយ ដោយសម្រេចបានអត្រាត្រឹម ០,៣% បណ្តាលមកពីផលប៉ះពាល់ជាអវិជ្ជមានចំនួន ៣ ដែលកើតឡើងក្នុងពេលដំណាលគ្នារួមមាន៖ ១- សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានជំរុញ ឱ្យថ្លៃប្រេងឥន្ធនៈ ជីកសិកម្ម និងចំណីសត្វ កើនខ្ពស់ជាងការរំពឹងទុក, ២- និន្នាការនៃការបន្តធ្លាក់ចុះថ្លៃកសិផលអន្តរជាតិ គួបផ្សំនឹង ការជន់គរកសិផល កាលពីឆ្នាំ២០២៥ ដែលធ្វើឱ្យល្បឿននៃការដាំដុះក្នុងឆ្នាំ២០២៦ មានកំណើនយឺត, និង ៣-កម្មវិបាកនៃបញ្ហាព្រំដែន កម្ពុជា-ថៃ មកលើការនាំចេញការដាំដុះ និងនាំចេញកសិផល។ តែទោះបីណាអនុវិស័យចិញ្ចឹមសត្វ រំពឹងថា នឹងរក្សាស្ថិរភាពកំណើនក្នុង អត្រាប្រមាណ ០,៤% គាំទ្រដោយនិន្នាការវិជ្ជមានរួមមាន កត្តាថ្លៃល្អ និងការបន្តអនុវត្តវិធានការតឹងរ៉ឹងចំពោះការនាំចូលសាច់បង្កក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia