ព័ត៌មាន
ក្រសួងធម្មការ៖ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌគ្រប់វត្តអារាមបើទទួលបានទេយ្យទានលើសពីសេចក្តីត្រូវការគួរចាត់ចែងរៀបចំជូនដល់ជនភៀសសឹក កុមារកំព្រា និងជនរងគ្រោះដោយហេតុផ្សេងៗទៀត
ភ្នំពេញ៖ ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ត្រូវនឹងថ្ងៃទី៨ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងធម្មការ និងសាសនាបានចេញសេចក្ដីណែនាំដល់គ្រប់វត្តអារាម បើទទួលបានទេយ្យទាន (មានភោជនាហារ នំ ចំណីជាដើម) លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ជនភៀសសឹក ចាស់ព្រឹទ្ធាចារ្យ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយហេតុផ្សេងៗទៀត។
យោងតាមសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់។ អ្នកប្រាជ្ញខ្មែរយើង លោកបានផ្សារភ្ជាប់ខ្លឹមសារនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ទៅតាមគម្ពីរដីកាមួយចំនួនដូចជា គម្ពីរបេតវត្ថុ គម្ពីរវិមានវត្ថុ គម្ពីរវិជ្ជាធរ ជាដើម ដើម្បីទុកជាទិដ្ឋានុគតិសម្រាប់ ដំណើរជីវិតរបស់មនុស្សគ្រប់រូប។ គម្ពីរទាំងនេះមានខ្លឹមសារស្របទៅនឹងបុណ្យភ្ជុំបិណ្ឌនេះ ដែលបង្កប់ទៅដោយ ផ្នត់គំនិតសម្រាប់អប់រំ កុំឱ្យមនុស្សគ្រប់រូបប្រមាទធ្វើអំពើអាក្រក់ ជាហេតុធ្វើឱ្យខ្លួនភ្លាំងភ្លាត់កំណើតទៅកើតក្នុង អបាយភូមិមាននរក ប្រេត តិរច្ឆាន ជាដើម។
ក្រសួងធម្មការបានឱ្យដឹងថា បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗដូចជា បង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, បញ្ជាក់ឱ្យឃើញពីការសម្បូរហូរហៀរនៃភោគផល ធញ្ញាហារផ្សេងៗ របស់ប្រជាជនខ្មែរ, ផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា, សម្តែងនូវភាពកតញ្ញូកតវេទី, ដាស់តឿនស្មារតីដល់មនុស្សគ្រប់រូបកុំឱ្យមានសេចក្តីប្រមាទក្នុងការធ្វើអំពើបាបនានា, ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធនៃបុព្វការីជននិងពពួកញាតិ, សន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន, បន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឱ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង។
យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លេខ១០/២០២៥ គជបអ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃចន្ទ ១រោច ដល់ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។
ដើម្បីឱ្យការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ក្រសួងធម្មការ និងសាសនា សូមទូលថ្វាយ ប្រគេន និងធ្វើការណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត សហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ យកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អ ប្រសើរជូនពុទ្ធបរិស័ទប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព្រមទាំងរៀបចំបង្សុកូលឧទ្ទិសមហាកុសលជូន ដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព បុព្វបុរស ជនរួមជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាម ប្រពៃណីព្រះពុទ្ធសាសនា
ក្រសួងធម្មការបញ្ជាក់ថា៖«ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌគ្រប់វត្តអារាម បើទទួលបានទេយ្យទាន (មានភោជនាហារ នំ ចំណីជាដើម) លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ជនភៀសសឹក ចាស់ព្រឹទ្ធាចារ្យ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយហេតុផ្សេងៗទៀត»៕


-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព