ព័ត៌មាន
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលកំពុងធ្វើកិច្ចការងារយ៉ាងសកម្មស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី៩ ខែកញ្ញានេះ បានបញ្ជាក់ដោយសង្ខេបនូវចំណុចមួយចំនួនថា÷
១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ?
– បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ បញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំ បានគិតថារដ្ឋាភិបាលអត់ស្ងៀមស្ងាត់។
នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿននិងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំអោយមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយពត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងពត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួន អោយប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំផងដែរ។
២. តើរាជរដ្ឋាភិបាលបានបញ្ជារអោយកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចារបទឈប់បាញ់?
– ចម្លើយខ្លី គឺគ្មានទេ។
រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាអោយដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ។ ហើយក្នុងកិច្ចចរចារបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណអោយកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។
៣. តើការចរចារនានាក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដីឬទេ?
– ចម្លើយខ្លី គឺគ្មានទេ។
ការចរចារបទឈប់បាញ់ថ្ងៃ ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ការចរចារទ្វេភាគីកន្លងមកដោយរាប់ទាំង Extraordinary GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និង កិច្ចប្រជុំថ្នាក់តំបន់រវាងយោធភូមិភាគ (RBC) ក៏មិនមាននិយាយពីការកំណត់ព្រំដែននោះដែរ។ រាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេសថ្ងៃទី ២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំងទេ។ ហើយក៏គ្មាន ការចរចារសំងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ។
ចំពោះកិច្ចការចរចារព្រំដែន កម្ពុជានៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។
៤. តើរដ្ឋាភិបាល ក្រសួងការពារជាតិអត់មានជួយអ្វីដល់កងទ័ពជួរមុខទេ បានជាឃើញតែសប្បុរសជនជួយ?
– ចម្លើយខ្លី រាជរដ្ឋាភិបាលមិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួនចំពោះបងប្អូនវីរៈកងទ័ព វីរៈនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប៉ះពាល់ដោយសារការប្រយុទ្ធគ្នា ឬមានការបំពានផ្សេងៗនោះទេ។ សូមបងប្អូនមេត្តាយោគយល់ ចំពោះការដែលក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះ ឬដាក់ចេញនូវរបាយការណ៍ជាសាធារណៈ អំពីរាល់ការងារធានានិងផ្គត់ផ្គង់ដល់កងទ័ពជួរមុខនោះទេ ដែលអាចឱ្យបងប្អូនមួយចំនួនយល់ច្រឡំថារាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ។
បន្ថែមលើនោះ ការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវគិតគូរជាប្រចាំសម្រាប់កងទ័ពនិងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យតែម្តង។
ជាមួយគ្នានេះ ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខរបស់យើងតាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈ មធ្យោបាយ ដល់កងទ័ពជួរមុខរបស់យើង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដោះស្រាយជូន។ រាជរដ្ឋាភិបាលតែងតែស្វាគមន៍នូវស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរនេះ តាំងតែពីមុនផ្ទុះអាវុធកាលពីថ្ងៃទី ២៤ កក្កដា មកម្ល៉េះ។ ពេលនេះជាពេលលំបាក ដែលយើងត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហា។
ខ្ញុំសង្ឃឹមថាការបញ្ជាក់ដោយខ្លីប៉ុន្មានចំណុចខាងលើនិងអាចដោះស្រាយចម្ងល់មួយចំនួនដែលខ្ញុំបានឃើញតាមបណ្ដាញសង្គមនៅពេលកន្លងមកនេះ។
ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាអោយបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ។

-
ព័ត៌មាន1 week ago
សិក្ខាកាមសុខាភិបាល ៣០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់
-
ព័ត៌មាន4 days ago
កម្ពុជា ប្រទេសចុងក្រោយដែលមានសត្វត្មាត ខណៈប្រទេសជិតខាងបានផុតពូជសត្វត្មាត
-
ព័ត៌មាន5 days ago
សម្ដេចប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ទៅភារធារីស្ដីទីស្ថានទូតអាម៉េរិកថាកម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលមកប្រក្រតីភាពឡើងវិញ
-
ព័ត៌មាន5 days ago
EU ប្រកាសត្រៀមខ្លួនសហការជាមួយអាស៊ានចូលរួមសង្កេតការណ៍នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានផ្ដល់ជំនួយ៧០ម៉ឺនអឺរ៉ូជួយជនភៀសឹកកម្ពុជា
-
ព័ត៌មាន1 week ago
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតីជូនគ្រួសារយុទ្ធជនដែលមានជីវភាពលំបាកនៅស្រុកសន្ទុក ខេត្តកំពង់ធំ
-
ព័ត៌មាន1 week ago
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍ ៥ចំណុចដល់ក្រុមការងារពាក់ព័ន្ធនឹងដំណើរការកំណែ ដើម្បីធានាឱ្យបាន សុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងលទ្ធផល “អ្នកចេះគឺជាប់”
-
ព័ត៌មាន4 days ago
EU អំពាវនាវឱ្យអនុលោមតាមបទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រតួនាទីសន្តិភាពរបស់អាស៊ាន
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចធិបតីស្នើមិត្តចិនជំរុញឱ្យភាគីថៃជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច