ព័ត៌មាន
សម្ដេចធិបតីពន្យល់៤ចំណុច ដល់ជនរួមជាតិពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះបានពន្យល់ចំនួន៤ចំណុចដល់បងប្អូនជនរួមជាតិមួយចំនួនដែលមានចម្ងល់ពាក់ព័ន្ធនឹងសកម្មភាព និងយន្តការរបស់រាជរដ្ឋាភបាលលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។
សម្ដេចបានថ្លែងថា ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួនរួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពេចស្រពិលរហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ ដូច្នេះសម្ដេចធិបតីបានបញ្ជាក់ដោយសង្ខេបនូវចំលើយសំខាន់ៗចំនួន៤ចំណុចរួមមាន៖
១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ?
សម្ដេចធិបតីបានមានប្រសាសន៍ថា បងប្អូនមួយចំនួនប្រហែលជាយល់ថា ទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗបញ្ចេញសារតាមទូរទស្សន៍ ឬបណ្តាញសង្គមជាប្រចាំបានគិតថា រដ្ឋាភិបាលអត់ស្ងៀមស្ងាត់។
សម្ដេចបានបញ្ជាក់ថា នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿន និងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំឱ្យមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូនក្រុមអ្នកនាំពាក្យដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេសធ្វើកិច្ចការងារផ្សព្វផ្សាយព័ត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួនឱ្យប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំផងដែរ។
២. តើរាជរដ្ឋាភិបាលបានបញ្ជារឱ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចារបទឈប់បាញ់?
សម្ដេចធិបតីបញ្ជាក់ថា ចម្លើយខ្លី គឺគ្មានទេ។ សម្ដេចបានបន្តថា រាជរដ្ឋាភិបាលមិនមានដាក់បទបញ្ជាឱ្យដកថយកម្លាំងក្រោយពីមានបទឈប់បាញ់នោះទេ។ ហើយក្នុងកិច្ចចរចាបទឈប់បាញ់ក៏គ្មានដាក់លក្ខខណឱ្យកងទ័ពភាគីណាដកថយពីទីតាំងឈរជើងរបស់ខ្លួននោះដែរទេ។
៣. តើការចរចានានាក្នុងពេលកន្លងមក មានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដីឬទេ?
សម្ដេចធិបតីបានបញ្ជាក់ថា ចម្លើយខ្លី គឺគ្មានទេ។ សម្ដេចបានបន្តថា ការចរចាបទឈប់បាញ់ថ្ងៃ២៨ កក្កដា នៅប្រទេសម៉ាឡេស៊ី គឺនិយាយពីបទឈប់បាញ់គ្នាតែប៉ុណ្ណោះ។ ការចរចាទ្វេភាគីកន្លងមកដោយរាប់ទាំង Extraordinary GBC រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងកិច្ចប្រជុំថ្នាក់តំបន់រវាងយោធភូមិភាគ (RBC) ក៏មិនមាននិយាយពីការកំណត់ព្រំដែននោះដែរ។ រាល់លទ្ធផលនៃកិច្ចប្រជុំ (រាប់ទាំងប្រជុំពិសេសថ្ងៃទី ២៨ កក្កដា, ប្រជុំវិសាមញ្ញ GBC និង RBC) សុទ្ធតែបង្ហាញជាសាធារណៈទាំងអស់។ គ្មានការលាក់បាំងទេ។ ហើយក៏គ្មាន ការចរចាសម្ងាត់ណាផ្សេង ក្រៅពីកិច្ចប្រជុំទាំងនោះដែរ។ ចំពោះកិច្ចការចរចាព្រំដែន កម្ពុជានៅតែប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។
៤. តើរដ្ឋាភិបាល ក្រសួងការពារជាតិអត់មានជួយអ្វីដល់កងទ័ពជួរមុខទេ បានជាឃើញតែសប្បុរសជនជួយ?
សម្ដេចធិបីថ្លែងថា ចម្លើយខ្លី គឺរាជរដ្ឋាភិបាលមិនដែលបោះបង់ការទទួលខុសត្រូវរបស់ខ្លួនចំពោះបងប្អូនវីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប៉ះពាល់ដោយសារការប្រយុទ្ធគ្នាឬមានការបំពានផ្សេងៗនោះទេ។ សូមបងប្អូនមេត្តាយោគយល់ចំពោះការដែលក្រសួង ស្ថាប័នរបស់រដ្ឋ មិនបានថតបង្ហោះឬដាក់ចេញនូវរបាយការណ៍ជាសាធារណៈអំពីរាល់ការងារធានា និងផ្គត់ផ្គង់ដល់កងទ័ពជួរមុខនោះទេដែលអាចឱ្យបងប្អូនមួយចំនួនយល់ច្រឡំថារាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ។
សម្ដេចបានបញ្ជាក់ថា ការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលក៏មិនត្រឹមតែសម្រាប់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវគិតគូរជាប្រចាំសម្រាប់កងទ័ព និងប្រជាជនទូទាំងប្រទេស និងគ្រប់វិស័យតែម្តង។
ជាមួយគ្នានេះ សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមានទឹកចិត្តស្នេហាជាតិ និងគាំទ្រដល់កងកម្លាំងជួរមុខរបស់យើងតាមរយៈការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារៈមធ្យោបាយ ដល់កងទ័ពជួរមុខ បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលដោះស្រាយជូន។ រាជរដ្ឋាភិបាលតែងតែស្វាគមន៍នូវស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរនេះ តាំងតែពីមុនផ្ទុះអាវុធកាលពីថ្ងៃទី២៤ កក្កដា មកម្ល៉េះ។ ពេលនេះជាពេលលំបាកដែលយើងត្រូវរួបរួមសាមគ្គីគ្នា ជួយគ្នា ដើម្បីរួមគ្នាដោះស្រាយបញ្ហា។
សម្ដេចនាយករដ្ឋមន្រ្ដីសង្ឃឹមថា ការបញ្ជាក់ដោយខ្លីប៉ុន្មានចំណុចខាងលើនិងអាចដោះស្រាយចម្ងល់មួយចំនួនដែលខ្ញុំបានឃើញតាមបណ្ដាញសង្គមនៅពេលកន្លងមកនេះ។ ហេតុដូច្នេះសម្ដេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលដែលបាននឹងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឱ្យបានឆាប់រហ័ស ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន បើទោះជាកិច្ចការជាច្រើនមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈដែលមើលទៅហាក់ដូចជាមានភាពស្ងាត់ស្ងៀមពេកក៏ដោយ៕

-
ព័ត៌មាន1 week ago
សិក្ខាកាមសុខាភិបាល ៣០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់
-
ព័ត៌មាន4 days ago
កម្ពុជា ប្រទេសចុងក្រោយដែលមានសត្វត្មាត ខណៈប្រទេសជិតខាងបានផុតពូជសត្វត្មាត
-
ព័ត៌មាន5 days ago
សម្ដេចប្រមុខរដ្ឋស្ដីទីកម្ពុជាបញ្ជាក់ទៅភារធារីស្ដីទីស្ថានទូតអាម៉េរិកថាកម្ពុជាអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីធានាការគោរពបទឈប់បាញ់ជាមួយថៃ និងអាចដោះស្រាយបញ្ហាវិលមកប្រក្រតីភាពឡើងវិញ
-
ព័ត៌មាន5 days ago
EU ប្រកាសត្រៀមខ្លួនសហការជាមួយអាស៊ានចូលរួមសង្កេតការណ៍នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានផ្ដល់ជំនួយ៧០ម៉ឺនអឺរ៉ូជួយជនភៀសឹកកម្ពុជា
-
ព័ត៌មាន1 week ago
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតីជូនគ្រួសារយុទ្ធជនដែលមានជីវភាពលំបាកនៅស្រុកសន្ទុក ខេត្តកំពង់ធំ
-
ព័ត៌មាន1 week ago
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍ ៥ចំណុចដល់ក្រុមការងារពាក់ព័ន្ធនឹងដំណើរការកំណែ ដើម្បីធានាឱ្យបាន សុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងលទ្ធផល “អ្នកចេះគឺជាប់”
-
ព័ត៌មាន3 days ago
EU អំពាវនាវឱ្យអនុលោមតាមបទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រតួនាទីសន្តិភាពរបស់អាស៊ាន
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចធិបតីស្នើមិត្តចិនជំរុញឱ្យភាគីថៃជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច