ព័ត៌មាន
ប្រធានធនាគារ CEXIM សន្យាជួយជំរុញវិនិយោគិនចិន ពិនិត្យលទ្ធភាពមកបណ្ដាក់ទុននៅកម្ពុជា
ប្រធានធនាគារ CEXIM សន្យានឹងជំរុញបន្ថែម ដល់វិនិយោគិនចិន ពិនិត្យលទ្ធភាពមកបណ្ដាក់ទុននៅកម្ពុជា ស្របតាម ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំទាំងពីរ និងការសម្រេចថ្មីៗនេះ នៅក្នុងកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នឹងបន្តជំរុញដល់ ក្រុមហ៊ុនចិនដែលទទួលបានគម្រោងវិនិយោគរួចរាល់ បន្តអនុវត្តឱ្យបានលទ្ធផលល្អប្រសើរ។

លោក ឈិន ហួយអ៊ី (Chen Huaiyu) ប្រធានធនាគារនាំចេញ-នាំចូលចិន (CEXIM) នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជា មានិតចិន ក្នុងជំនួបពិភាក្សាអំពីការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ, លោកថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះសុន្ទរកថាគន្លឹះរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវិនិយោគ អន្តរជាតិ ពិសេសកម្ពុជាបានបង្ហាញឧទាហរណ៍ជាក់ស្ដែង អំពីភាពរីកចម្រើនតាមរយៈគំនិតផ្ដួចផ្ដើមនេះ។ សុន្ទរកថាគន្លឹះនេះបាន ជួយពង្រឹងទំនុកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា និងចំពោះធនាគារ CEXIM ផងដែរ។

លោក ឈិន ហួយអ៊ី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគនានាដែលធនាគារ CEXIM បានគាំទ្រដល់ វិនិយោគិនចិន ដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជាមានជាអាទិ៍ គម្រោងព្រែកជីកហ្វូណនតេជោជាដើម។ ក្នុងនាមជាប្រធានធនាគារ លោកក៏បានសន្យានឹងជំរុញបន្ថែមទៀត ឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពមកបណ្ដាក់ទុននៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់ថ្នាក់ ដឹកនាំទាំងពីរ និងការសម្រេចថ្មីៗនេះ នៅក្នុងកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការ សៀងហៃបូក (SCO Plus 2025)។ បន្ថែមពីនេះ លោកក៏នឹងជំរុញឱ្យក្រុមហ៊ុនចិន ដែលទទួលបានគម្រោងវិនិយោគរួចរាល់ បន្តអនុវត្តឱ្យបានលទ្ធផលល្អប្រសើរ ស្របតាមផែនការ ដែលបានកំណត់។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងពាណិជ្ជកម្មចិន, ធនាគារ CEXIM, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC), និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) ចំពោះការគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ជាការពិតក្នុងគម្រោងអភិវឌ្ឍន៍ ផ្លូវជាតិប្រវែងប្រមាណជាង ៣០០០ គីឡូម៉ែត្រ និងស្ពានធំៗចំនួន១៦ ដែលបានលើកឡើងក្នុងសុន្ទរកថា ក៏មានការគាំទ្រពីធនាគារ CEXIM ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពថ្មីៗ និងផែនការបន្ទាប់ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និង ភាពរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជានិច្ចកាលឯកឧត្តម តែងលើកទឹកចិត្ត ឱ្យវិនិយោគិនចិនទៅបណ្ដាក់ ទុនវិនិយោគនៅទីនោះ។ ថ្មីៗនេះឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុន BYD វិនិយោគ បង្កើតរោងចក្រដំឡើងរថយន្តរបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ