ព័ត៌មាន
គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យនិងនាំយកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទាហានសៀមរាយបន្លាលួសព័ទ្ធយកភូមិដ្ឋានរបស់ពួកគាត់ មិនឱ្យពលរដ្ឋចូលផ្ទះវិញ ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅ ជូនគណៈប្រតិភូ បានជ្រាបថា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ច្រកព្រំដែនជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានយោធាថៃដេញប្រជាពលរដ្ឋកម្ពុជាចេញពីលំនៅដ្ឋាន និងដាក់បន្លាលួស មិនឱ្យពលរដ្ឋចូលផ្ទះវិញ ចាប់ពីថ្ងៃ១២ សីហាមក។ ក្នុងចំណោមពលរដ្ឋខ្មែរដែលថៃដេញចេញពីលំនៅដ្ឋាននេះ គឺមានជនពិការ ៤នាក់ ស្ត្រីមានផ្ទៃពោះ ២នាក់ និងកុមារ ៦នាក់ផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងដែរថា ក្រោយពីបានលុកលុយចូលទឹកដីកម្ពុជា នៅខេត្តបន្ទាយមានជ័យហើយ កងទ័ពថៃ ក៏បានសង់ទីស្នាក់ការរបស់ខ្លួន ដែលនេះជាសកម្មភាពរំលោភបំពាន ម្ដងហើយម្ដងទៀត របស់យោធាថៃ។ ឯកឧត្តម ក៏ជំរុញឱ្យភាគីថៃ រើចេញជាបន្ទាន់នូវបន្លាលួស និងកង់ឡាន ដែលបានដាក់ ពង្រាយខុសច្បាប់នៅលើទឹកដីកម្ពុជា ព្រមទាំងទាមទារឱ្យថៃត្រូវធានាការប្រគល់មកវិញ នូវទ្រព្យសម្បត្តិ និងដីស្រែចម្ការជាកម្មសិទ្ធិរបស់ពលរដ្ឋកម្ពុជា ដែលពួកគេបានបំពាន និងកាន់កាប់។ ជាមួយគ្នានេះ ក៏បានអំពាវនាវឱ្យថៃ បញ្ឈប់ការលុកលុយ ការកាន់កាប់ដោយខុសច្បាប់ និងដករាល់កម្លាំងយោធា និងសម្ភាររបស់ខ្លួន ទៅទីតាំងដែលកំណត់ដោយច្បាប់។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ខេត្តរួចមក ឯកឧត្តម សរ ចំរុង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ និងភាពសុខដុមរមនា។
ឯកឧត្តម ប្រធាន ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នូវសេចក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពលវេលា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានប្រគល់នូវសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយក្នុងមួយគ្រួសារទទួលបាន ៖ ភួយចំនួន១ ក្រមាចំនួន១ ត្រីងៀត និងសាច់ក្រក ព្រមទាំងថវិកាចំនួន ២០០.០០០ រៀល៕




-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព