Connect with us

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និង​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ក្រុម​ប្រឹក្សា​អ្នកច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ​ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យវឌ្ឍនភាពនិងពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធាន ឯកឧត្តម លោកជំទាវ ជាទី​ប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា

អ្នក​ច្បាប់ ដើម្បីធ្វើការតាមដាន ត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ ក៏ដូច​ជា​ដើម្បី​ស្វែង​រកនូវដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងគោលបំណង​លើក​កម្ពស់​គុណ​ភាព​ ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ ក៏ដូចជាសមត្ថភាព ឯកទេសកម្ម និងវិជ្ជាជីវៈ​របស់​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និង​សមិទ្ធ​ផល​ការងារដែលក្រុមប្រឹក្សាអ្នកច្បាប់ សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ក៏ដូចជា​សមិទ្ធផល​ការងាររយៈពេល២ឆ្នាំកន្លងមក ​ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែល​ជា​រួមមាន ការវិវឌ្ឍឈានឡើងគួរឱ្យកត់សម្គាល់ទាំងគុណភាព ប្រសិទ្ធភាព និងសមត្ថភាពជា​ពិសេស​បាន​ជួយ​សម្របសម្រួល និងផ្តល់ការប្រឹក្សាយោបល់ដល់ក្រសួង ស្ថាប័ននានា​របស់​​រាជ​រដ្ឋាភិបាល លើការតាក់តែង និងរៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ទោះ​បី​ជា​នៅ​ពុំ​ទាន់​ឈាន​ឡើងដល់កម្រិតដែលយើងចង់បានក៏ដោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការ​កោត​សរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា សមាជិក សមាជិកបម្រុង និង​ជំនួយការទាំងអស់ ដែលបានយកអស់នូវកម្លាំងកាយចិត្ត និង​មាន​ការ​តស៊ូ​ខ្ពស់​ក្នុង​ការ​បំពេញ​មុខ​ងារ​របស់ខ្លួន មិនខ្លាចនឿយហត់ ជូនក្រុមប្រឹក្សាអ្នកច្បាប់នាពេលកន្លងមក។ ទន្ទឹមនេះ ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងនេះទៀត ដើម្បីធ្វើ​ឱ្យក្រុ​ម​ប្រឹក្សាអ្នកច្បាប់ក្លាយជាអង្គភាព ដែលទទួលបានការទុកចិត្តខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល គណៈ​រដ្ឋ​មន្ត្រី​ ក៏ដូចជាក្រសួងស្ថាប័ននានា និងជាអង្គភាពមួយដែលមានសមត្ថភាពខ្ពស់ និងមាន​វិជ្ជា​ជីវៈ​ពិត​ប្រាកដ ក្នុងការផ្តល់ការសម្របសម្រួល ការប្រឹក្សា និងការពិនិត្យ​ផ្តល់​យោបល់​លើ​ការ​តាក់​តែង​សេចក្តី​ព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយឈរលើគោលការណ៍បច្ចេកទេស និង​វិជ្ជាជីវៈត្រឹមត្រូវនិងច្បាស់លាស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់​នូវ​អនុសាសន៍​ណែនាំ​មួយ​ចំនួន ពាក់ព័ន្ធរបៀបរបបបំពេញការងារ និងប្រព័ន្ធការងារ ដើម្បីលើកកម្ពស់​គុណភាព និងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងជាលំដាប់។ ទន្ទឹមនេះ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រីប្រចាំការ ក៏បានផ្តាំផ្ញើឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងបទបញ្ជាផ្ទៃ​ក្នុង​របស់​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ ដើម្បីរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងគុណតម្លៃ​របស់​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ ហើយក៏ត្រូវហ៊ានទទួលយកនូវទស្សនៈបើកចំហ និងត្រូវចេះចែករំលែកចំណេះដឹង ជំនាញ និងប​ទពិសោធរវាងគ្នាទៅវិញទៅមក។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការ​ណែនាំ​ដល់​អគ្គ​លេ​ខា​ធិការដ្ឋា​នក្រុ​ម​ប្រឹក្សាអ្នកច្បាប់ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាឱ្យបានកាន់តែជិតស្និទ្ធ និង​យក​ចិត្ត​ទុកដាក់លើការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីផង ក៏ដូច​ជា​មន្រ្តី​របស់ក្រសួងស្ថាប័ននានាផងដែរ ដើម្បីពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព ក្នុងការ​តាក់​តែង​សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់នីតិរដ្ឋ និងធានា​សន្តិសុខ​គតិយុត្ត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia