Connect with us

ព័ត៌មាន

ក្រសួងមហាផ្ទៃ និងអង្គការដៃគូ បើកកិច្ចពិគ្រោះយោបល់ផែនការ​យុទ្ធសាស្រ្តជាតិ​ស្តីពី​អត្ត​សញ្ញាណ​កម្មដំណាក់កាលទី២

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ រួមជាមួយអង្គការនានា នៅព្រឹកថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០២៥នេះ បានបើកសិក្ខាសាលាមួយ​ដើម្បី​ពិគ្រោះយោ​បល់​ផ្តល់​ធាតុ​ចូល​លើ​សេចក្តី​ព្រាង​ផែនការយុទ្ធ សាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី២ ឆ្នាំ២០២៦-២០៣៥ ដោយ​សិក្ខាសាលានេះគឺបង្ហាញ នូវឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​គ្រប់​គ្រង​អត្ត​សញ្ញាណ​កម្មរបស់ជាតិ។

ថ្លែងនៅក្នុងសិក្ខាសាលានោះ ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយកនៃ​អគ្គនាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារ​អត្រា​នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.) បានលើកឡើងថា សិក្ខា​សាលា​ពិគ្រោះយោ បល់នាពេលនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ អំពីឆន្ទៈក្នុងការគំាទ្រ និង​រួម​ចំណែក​ក្នុងការកែទម្រង់អត្ត សញ្ញាណកម្មរបស់ជាតិ ដើម្បីសម្រេចបាននូវបេសកម្មដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនទុកឲ្យ អ្នកណាម្នាក់ចោល ឲ្យនៅក្រៅបញ្ជីនោះឡើយ។

ទាក់ទងនឹងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្មផែនការយុទ្ធ សាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្មនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត បានឲ្យដឹងផងដែរថា ក្នុងរយៈពេលជិត១០ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាល ទី១ ឆ្នាំ២០១៧-ឆ្នាំ២០២៦ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមានការគាំទ្រ ពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដោយទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ រួមមាន បញ្ចប់ការកសាង ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ បញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តចំនួន១៦ សំដៅគាំទ្រការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យខ្នាតតូច សំដៅសម្រេចនូវការអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន និងការដាក់ឲ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល និងការរៀបចំបញ្ជីប្រជា ជនជាដើម។

ឯកឧត្តមបានរំលឹកផងដែរថា ផែនការយុទ្ធសាស្រ្តស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី១ គឺជា ផែនការដ៏ល្អមួយ ដែលបានដឹកនាំតម្រង់ទិស លើការងារអត្តសញ្ញាណកម្មអស់រយៈពេលជិត៩ឆ្នាំមកហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងស្ថិតនៅដំណាក់កាលចុងក្រោយនៃការអនុវត្ត ផែនការយុទ្ធសាស្រ្ត ជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី១។ ដូច្នេះហើយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានផ្តួចផ្តើម និងស្វះស្វែងរៀបចំផែនការថ្មី ផែនការយុទ្ធសាស្រ្តស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ឆ្នាំ២០២៦ដល់ ឆ្នាំ២០៣៥ ដើម្បីតម្រង់ទិសលើការងារអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំទៅមុខទៀត ធ្វើយ៉ាងណាឲ្យ ផែនការនេះអាចឆ្លើយតបបានយ៉ាងល្អ ទៅនឹងតម្រូវការក្នុងប្រទេសរបស់ពលរដ្ឋកម្ពុជា និងបន្ស៊ីឲ្យបានល្អ ជាមួយនិន្នាការសកល(ជាអន្តរជាតិ) លើការងារអត្តសញ្ញាណកម្ម។

ក្នុងឱកាសនោះដែរឯកឧត្តម តុប នេត ក៏បានថ្លែងអំណរគុណចំពោះ អង្គការUNDP និងអង្គការVital Strategies ដែលបានគាំទ្រដល់ការកែទម្រង់ប្រព័ន្ធ ការងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនៅកម្ពុជា ឲ្យមានភាពទំនើបស្របទៅតាម និន្នាការជាសកល៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia