Connect with us

ព័ត៌មាន

វិនិយោគិនចិន៖ ការចាយវាយប្រាក់ដុល្លារ បានធ្វើឱ្យកម្ពុជាកំពុងមានការប្រកួតប្រជែង

ហុងកុង៖ វិនិយោគិនចិន មើលឃើញអំពីចំណុចប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្ដាប្រទេសជិតខាង ដោយសារកម្ពុជាប្រើប្រាស់ រូបិយប័ណ្ណដុល្លារ និងការបើកចំហរទទួលការវិនិយោគលើគ្រប់វិស័យ។

លោក Elton Chan នាយកក្រុមហ៊ុន Jardine Matheson លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ម្សិលមិញនេះ លោកនាយកក្រុមហ៊ុន បានជម្រាបជូនថា ក្រោយដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា លោកបានសម្លឹងមើលឃើញសក្ដានុពលលើវិស័យអចលនទ្រព្យ របស់កម្ពុជា ក្នុងជំនួបនោះលោកក៏បានសាកសួរបន្ថែម អំពីបច្ចុប្បន្នភាពគោលនយោបាយ និងការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ផងដែរ។ ជុំវិញការីកចម្រើនយ៉ាងឆាប់របស់កម្ពុជានេះ លោក Elton Chan បានមើលឃើញអំពីចំណុចប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្ដាប្រទេសជិតខាងរបស់ខ្លួន គឺដោយសារកម្ពុជាប្រើប្រាស់រូបិយប័ណ្ណដុល្លារ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃចំនួនអ្នកប្រើប្រាស់រថយន្ត អគ្គិសនីនាពេលបច្ចុប្បន្ន រីឯគោលនយោបាយលើវិស័យនេះ គឺជាចំណុចអាទិភាពដែលរាជរដ្ឋាភិបាលកំពុងរៀបចំ ដើម្បីជំរុញលើក កម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យលោក Elton Chan បន្តភ្ជាប់ទំនាក់ទំនងជិតស្និត រវាងក្រុមហ៊ុន ជាមួយស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចជួយសម្របសម្រួល ចំពោះកិច្ចស្នើសុំ វិនិយោគនានា ដែលក្រុមហ៊ុនមានបំណងបណ្ដាក់ទុននាពេលអនាគត។

ក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Samuel Lau នាយកគ្រប់គ្រងក្រុមហ៊ុន Integrated Logistics Asia, KLN។ ក្នុងឱកាសនោះលោក Samuel Lau បានលើកឡើងអំពីការមើលឃើញនូវឱកាសវិនិយោគក្នុងវិស័យភស្ដុភារកម្ម របស់កម្ពុជា គឺកាន់តែធំជាងមុន ក្រោយការបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ចំណែកក្នុងជំនួបជាមួយប្រធានផ្នែកយុទ្ធសាស្រ្ត នៃក្រុមហ៊ុនថាមពល CLP Holdings Limited, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ និងជំរុញឱ្យការប្រើប្រាស់ ថាមពលកកើតឡើងវិញរបស់កម្ពុជា ឈានដល់ប្រមាណ ៧០% នៃថាមពលសរុប ត្រឹមឆ្នាំ២០៣០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងជួយសម្របសម្រួលយ៉ាងពេញទំហឹង ក្នុងករណីក្រុមហ៊ុន CLP Holdings Limited ចង់ពិនិត្យ លទ្ធភាពបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ពិសេសលើថាមពលកកើតឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia