ព័ត៌មាន
ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាព និងសុខភាពការងារ»
នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ធាគារ Oakwood Premier ភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ» ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ដោយមានការចូលរួមពីតំណាងភាគីអង្គការអន្តរជាតិខាងការងារ(ILO) ព្រមទាំងអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការដៃគូរពាក់ព័ន្ធដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ១៣៥រូប។

សិក្ខាសាលាលើសេចក្តីព្រាងច្បាប់នេះមានគោលបំណងកំណត់ និងគ្របដណ្តប់លើបញ្ហាពាក់ព័ន្ធអំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាមស្តង់ដារអន្តរជាតិខាងការងារ(ILO) និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ សំដៅធានាឱ្យមានបរិយាកាសការងារល្អប្រកបដោយផាសុកភាព លើកកម្ពស់ផលិតភាពការងារ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងធានាបាននូវសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់អំពីភាពចាំបាច់ និងសារៈសំខាន់នៃច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញបេសកកម្មក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរអាចទទួលបានការងារប្រកបដោយគុណភាព ដែលជាប្រភេទការងារសមរម្យស្របតាមនិយមន័យសកល ដែលត្រូវបានកំណត់ដោយអង្គការ ILO ដែលកម្ពុជាជាសមាជិក។
ដើម្បីជាធាតុចូលសម្រាប់កិច្ចពិភាក្សានាថ្ងៃនេះ លោកជំទាវ សូមលើកទឹកចិត្តដល់ត្រីភាគីកម្ពុជា ក្នុងការពិភាក្សាដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ សំដៅធានាឱ្យបាននូវការកំណត់អំពីវិសាលភាព និងគោលបំណងនៃបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ព្រមទាំងដាក់ចេញនូវវិធានការក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយធ្វើការកំណត់នូវតួនាទីនិងភារកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធគឺពិតជាមានសារៈសំខាន់ ក្នុងការពិភាក្សានាថ្ងៃនេះ។
ជាមួយគ្នានេះដែរតាមរយៈសិក្ខាសាលានេះ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ(ILO) ចំពោះការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅសម្រេចឱ្យបាននូវការងារសមរម្យសម្រាប់ទាំងអស់គ្នា ដោយមិនទុកបុគ្គលណាម្នាក់ចោលនោះឡើយ ហើយជាពិសេសជាមួយគ្នានេះដែរតាមរយៈសិក្ខាសាលាសម្រាប់មួយថ្ងៃពេញនេះ បានរៀបចំបែងចែកកិច្ចពិភាក្សាជាក្រុម ដោយមួយក្រុមៗមានតំណាងរដ្ឋាភិបាល តំណាងភាគីនិយោជក តំណាងភាគីកម្មករនិយោជិត និងតំណាងអង្គការដៃគូអភិវឌ្ឍ ព្រមទាំងមានក្រុមការងារសម្របសម្រួលផ្នែកសុវត្ថិភាព និងសុខភាពការងារតាមក្រុមនីមួយៗ ដើម្បីសំយោគរិះរកប្រមូលនូវធាតុចូលសំខាន់ៗនូវសេចក្តីព្រាងច្បាប់ ដើម្បីធានាឱ្យសេចក្តីព្រាងច្បាប់មួយនេះមានប្រសិទ្ធភាព៕





-
ព័ត៌មាន1 week agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន1 week agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន1 week agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន1 week agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន1 week agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន7 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន5 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ