ព័ត៌មាន
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនប្រកាសតវ៉ា និងបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗរបស់ថៃពាក់ព័ន្ធការរស់នៅរបស់ពលរដ្ឋខ្មែរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចេញសេចក្តីប្រកាសតវ៉ា និងសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះ សេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation Thailand ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថនៅទីតាំងចំនួន ១៧ ស្ថិតនៅតាមបណ្ដោយព្រំដែន ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខនឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។
ពាក់ព័ន្ធករណីខាងលើនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានធ្វើលិខិតតវ៉ាទៅកាន់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ហើយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ
ឱ្យបានជ្រាបដូចខាងក្រោម៖
១.ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ខាងលើ គឺជាការគំរាមអនុវត្តដោយបង្ខំនូវការខណ្ឌសីមា លើដីជាក់ស្តែងដោយឯកតោភាគី ដែលរំលោភលើខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ (MOU ២០០០) ជាពិសេសរំលោភលើសមត្ថកិច្ច របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ហើយអាចបំផ្លាញលទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក និងការចរចានាពេលបច្ចុប្បន្ន និងទៅអនាគតរបស់ JBC នៃភាគីទាំងពីរ។
២.សកម្មភាពឯកតោភាគីខាងលើ គឺជាការបង្កហេតុ ដែលអាចនាំឱ្យមានភាពតានតឹងកើនឡើងនៅតាមព្រំដែន និងជាការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥, លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង
លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ជាពិសេសបំពានលើកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងការទប់ស្កាត់រាល់សកម្មភាពដែលធ្វើឱ្យខូច
ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កឱ្យមានការយល់ច្រឡំ បង្កើនភាពតានតឹងនៅតាមព្រំដែន ឬ ពង្រីកវិសាលភាព និងទំហំនៃជម្លោះ។
៣.ការងារវាស់វែង និងខណ្ឌសីមាព្រំដែន គឺស្ថិតនៅក្រោមសមត្ថកិច្ចផ្ដាច់មុខរបស់ JBC នៃប្រទេសទាំងពីរដោយគ្មានយន្តការ ឬស្ថាប័នផ្សេងណាមួយមានសមត្ថកិច្ចលើកិច្ចការនេះឡើយ។ ក្នុងន័យនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមអំពាវនាវឱ្យភាគីថៃលើកយកបញ្ហាខាងលើនេះមកដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលគ្រោងរៀបចំកិច្ចប្រជុំនាពេលដ៏ឆាប់ខាងមុខ។
ជាថ្មីម្ដងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តដ៏មុតមាំ និងឥតងាករេ ក្នុងការដោះស្រាយការងារវាស់វែង និងខណ្ឌសីមាព្រំដែន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពដោយភាគីទាំងពីរ។


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន