Connect with us

ព័ត៌មាន

កម្ពុជា-កូរ៉េនឹងបន្តពង្រឹងកិច្ចសហការបង្ការ ទប់ស្កាត់ និងប្រឆាំងបទឧក្រិដ្ឋនានាពាក់ព័ន្ធជនជាតិកូរ៉េនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​យាន​យន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា ។

វិទ្យាស្ថាននេះ គឺជាផ្លែផ្កា នៃកិច្ចសហការរវាង ក្រុមហ៊ុន GTV Motor Co., Ltd., សាកល​វិទ្យាល័យ​បច្ចេក​វិទ្យា ឆុងឈីង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលបាន​ចុះ​ហត្ថ​លេខា​កាល​នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានទទួលការណែនាំ និងគាំទ្រ​យ៉ាង​សកម្ម​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានថ្លែងថា តាមរយៈ​កិច្ច​សហប្រតិ​បត្តិការនេះ មានគោលបំណងអភិវឌ្ឍការស្រាវជ្រាវ និងការអប់រំខាងយាន​យន្ត​ថា​មពល​ថ្មី ​បច្ចេកវិទ្យាឧស្សាហកម្ម និងផលិតកម្មបែបឧស្សាហម្ម ដើម្បីចូល​រួម​ជំរុញ​ការ​ផ្លាស់​ប្តូរ​របស់​កម្ពុជា​ ទៅរកសេដ្ឋកិច្ចបៃតង និងបច្ចេកវិទ្យាខ្ពស់ ហើយ NPIC ប្តេជ្ញាផ្តល់ការអប់រំ និង​បណ្តុះ​បណ្តាល​ធនធានមនុស្ស ឆ្លើយតបតាមតម្រូវការឧស្សាហកម្មថ្មីៗ ។

ឯកឧត្តមបន្តថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា នឹង​ក្លាយ​ជាវេ​ទិកាសំខាន់មួយ សម្រាប់ការផ្លាស់ប្តូរចំណេះដឹង, ការផ្ទេរបច្ចេកវិទ្យា, និង​ការ​អភិវឌ្ឍ​ទេព​កោស​ល្យ ដើម្បីជំរុញឲ្យនិស្សិត អ្នកស្រាវជ្រាវ និងវិស្វករកម្ពុជាចូល​រួម​យ៉ាងស​កម្មក្នុ​ង​ចលនា​ផ្លាស់​ប្តូរ បៃតងរបស់ពិភពលោក ។

ឯកឧត្តម ហែម វណ្ឌឌី មានប្រសាសន៍ថា ការខិតខំប្រឹងប្រែង​បង្កើត​ឱ្យ​មាន​គម្រោង​វិទ្យាស្ថាន​បច្ចេក​វិទ្យា​យានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជានេះឡើង គឺជាកត្តាចូលរួម​ចំណែក​ដ៏​សំខាន់ ​ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់​យក​អាទិភាព​គន្លឹះចំនួ​ន៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” និងក៏ជា​ទឡ្ហីករណ៍​សំខាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្មទី៤ ក្នុងការចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យា ការកាត់បន្ថយ​ការ​បំភាយ​កាបូន​ ព្រមជាមួយតម្រូវការ នៃការលើកកម្ពស់ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ដែល​ជា​គ្រឹះ​ជំរុញ​ឱ្យ​សម្រេ​ច​បាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្តម​បន្ថែម​ថា គម្រោងវិទ្យាស្ថាននេះ ជាចំណែកឈានទៅបំពេញបានយុទ្ធសាស្ត្រ នៃ​ប្រជា​ជាតិ​ទាំង​ពីរ​ គឺសហគមន៍កម្ពុជា-ចិន មានអនាគតរួមគ្នា និងជាគំរូស​ម្រាប់​កិច្ច​ទំនាក់​ទំនង​អន្តរ​ជាតិ​ថ្មី​មួយ​។ ប្រទេសទាំងពីរ បានឯកភាពពន្លឿនការអនុវត្ត គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែល​ស្នើ​ឡើង​ដោយប្រទេសចិន និងបំពេញការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ របស់ កម្ពុជា ដោយ​បង្កើត​ផែន​ការកិច្ចសហប្រតិបត្តិការ កម្មវិធីរបៀងអភិវឌ្ឍឧស្សាហកម្ម ។

ឯកឧត្តមរដ្ឋ​មន្ត្រី បានគាំទ្រការបង្កើត គម្រោងវិទ្យាស្ថាននេះ ដែលនឹងជួយ​បំពេញ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​គាំទ្រការអភិវឌ្ឍវិស័យយាន្តយន្ត និងស្របតាម “គោលនយោបាយ​ជាតិ​អភិវឌ្ឍ​វិស័យ​រថយន្ត​អគ្គិសនី​ ឆ្នាំ២០២៤-២០៣០” ហើយសង្ឃឹមថានឹង​ទទួល​បាន​លទ្ធផល​ល្អស​ម្រាប់​ការ​អនុវត្ត​ជាក់​ស្តែង និងរីកចំរើនទៅអនាគត ។

បើតាមតំណាង​ក្រុមហ៊ុន GTV Motor Co., Ltd., បានអះអាងថា នេះមិនមែនគ្រាន់​តែជា​ការ​បើក​សម្ពោធ​វិទ្យា​ស្ថានស្រាវជ្រាវមួយប៉ុណ្ណោះទេ តែជានិមិត្តរូបនៃជំហានដ៏ម៉ឺងម៉ាត់ របស់កម្ពុជា ឆ្ពោះ​ទៅ​រក​ការធ្វើទំនើបកម្មឧស្សាហកម្ម និងយុគសម័យយានយន្តថាមពលថ្មី៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia