ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ជំរុញមន្ទីរអប់រំពង្រឹងគុណភាពគ្រូបង្រៀន ដើម្បីបង្កើនគុណភាពមូលធនមនុស្ស
កំពង់ស្ពឺ៖ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭកថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពង្រឹងគុណភាពបង្រៀនដល់លោកគ្រូ អ្នកគ្រូនៅតាមសាលាពីទីប្រជុំជនដល់ទីជនបទ ដើម្បីបង្កើនគុណភាពមូលធនមនុស្ស ។
ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត ស្ថិតក្នុងភូមិតាំងទន្លេ សង្កាត់រការធំ ក្រុងច្បារមន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ការបើកបវេសនកាល ជាថ្ងៃចូលរៀនដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំឬ ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវ ចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស ។
ឯកឧត្តមបានបន្តថា ដូច្នេះលោកគ្រូ អ្នកគ្រូត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការបង្រៀន តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាព ចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។
ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាកំពុងផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សាតាមរយៈវិធានការណ៍ចំនួន៤ រួមមាន ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤. ការជំរុញនិងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ។
ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានបន្ថែមថា ក្នុងស្មារតីនេះ ក្រសួងអប់រំ ក៏បាននិងកំពុងអភិវឌ្ឍសាលារៀនគ្រប់កម្រិតស្របតាម “ស្តង់ដាសាលារៀនគំរូ” ដែលមាន៥ស្តង់ដា ដោយគិតត្រឹមឆ្នាំសិក្សា២០២៤ ក្រសួងបានវាយតម្លៃ និងទទួលស្គាល់សាលារៀនចំនួន២៥០ ជាសាលារៀនជាប់ស្តង់ដាសាលារៀនគំរូ ក្នុងនោះក៏មានសាលារៀន ស្ថិតក្នុងក្របខណ្ឌមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺផងដែរ។
សូមបញ្ជាក់ថា កបវេសនកាលឆ្នាំ២០២៥-២០២៦ ខេត្តកំពង់ស្ពឺ មានអាគារសិក្សាចំនួន១ ១១០ខ្នង ស្មើនិង៥ ០០១បន្ទប់ មានសិស្សានុសិស្សជិត ១៥ម៉ឺននាក់ និងមានសាលារៀនជំនាន់ថ្មី១ វិទ្យាល័យធនធានចំនួន២ វិទ្យាស្ថានចំនួន៤ និងសកលវិទ្យាល័យឯកជនចំនួន២ ៕













-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន