Connect with us

ព័ត៌មាន

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺជូនជនភៀសសឹកតាមបន្ទាត់ព្រំដែននៅខេត្តឧត្តរមានជ័យ

ខ្មែរស្រលាញ់ខ្មែរ  ខ្មែរជួយខ្មែរ  ខ្មែរសាមគ្គី ខ្មែរឈ្នះ គ្រប់ស្ថានភាព  កងទ័ពអាវស ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក បានបន្ត ចុះពិនិត្យ ព្យាបាលជំងឺជូនជនភៀសសឹកតាមបន្ទាត់ព្រំដែននៅខេត្តឧត្តរមានជ័យ។

កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅជំរុំវត្តសុគន្ធារាមគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន ២០នាក់ ស្រី ៥នាក់ ចុះអប់រំសុខភាព ពិនិត្យ ពិគ្រោះព្យាបាលជំងឺ ចែកថ្នាំ និងស្បៀងអាហារ ជូនដល់ជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ២១៣នាក់ ស្រី១៤៤នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ សម្របសម្រួលដោយ ឯកឧត្តម គឹម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន ២៨២នាក់ បាននាំយកសម្ភារបរិក្ខារថ្នាំពេទ្យ និងស្បៀងអាហារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ, ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តឧត្តរមានជ័យ និងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តបន្ទាយមានជ័យ និងជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មន្ទីរសុខាភិបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរដែលពាក់ព័ន្ធផងដែរ ។ ជាមោទនៈភាពរបស់ប្រទេស និងប្រជាជនកម្ពុជា ឯកឧត្តម លេង ផាលី សូមគោរពចូលរួមសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ និងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដ៏មានសារៈសំខាន់ ជាតម្លៃនៃប្រវត្តិសាស្ត្រកាលពីថ្ងទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព។

ឯកឧត្តម បន្តថា ការចុះអប់រំសុខភាព ពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ចែកថ្នាំ និងស្បៀងអាហារ ជូនដល់ជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ១៥១,៧៩០នាក់ (ដប់ប្រាំម៉ឺន មួយពាន់ ប្រាំពីររយកៅសិបនាក់) ស្រី ៩១,០៥២នាក់ (ប្រាំបួនម៉ឺន មួយពាន់ ហាសិបពីរនាក់) ។ ក្នុងពេលជាមួយគ្នានេះដែរ ឯកឧត្តម លេង ផាលី ក៏បានផ្ដាំផ្ញើរសួរសុខទុកពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ពិសេសក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។

ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ក្នុងរយៈពេល ១៤ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១ វិច្ឆិកា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ៣៦,០០០នាក់ (បីម៉ឺន ប្រាំមួយពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ២៣,៦៣៥នាក់ (ពីរម៉ឺន បីពាន់ ប្រាំមួយរយ សាមសិបប្រាំ នាក់) ដែលមាន ២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា) ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាជនផ្តល់សេវា ដោយឥតគិតថ្លៃ បានចំនួន ចំនួន ២,៣១៧លើក ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣,៤៨៤,៣៤៦(ដប់បីលាន សែសិបប្រាំបីម៉ឺន បួនពាន់បីរយសែសិបប្រាំមួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៩៣៣,៦៦៣នាក់ (ប្រាំមួយលាន កៅសិបបីម៉ឺន បីពាន់ប្រាំមួយរយហុកសិបបី នាក់) គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ច្រើនជាងចំនួន ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន ១៧,៥៧៧,៧៦០ នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺនប្រាំពីរពាន់ប្រាំពីររយហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៧៤,២១៧,៣០០ដុល្លារ (ប្រាំមួយរយចិតសិបបួនលាន ម្ភៃមួយម៉ឺនប្រាំពីរពាន់បីរយ ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំ ផ្តល់សេវាដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

ជាចុងក្រោយឯកឧត្តម ប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាជន គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ ដូចសព្វមួយដង ប្រជាជនពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុង សកម្មភាពមនុស្សធម៌នេះ ជូនដល់ប្រជាជនជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាជនដែលជួបការលំបាកក្នុងគ្រប់កាលៈទេសៈ៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia