Connect with us

ព័ត៌មាន

សកម្មភាពឈ្លានពានរបស់ថៃបណ្ដាលឱ្យជនស៊ីវិលកម្ពុជាស្លាប់១៧នាក់ និងភៀសសឹកជាង ៤៤ ម៉ឺននាក់

ភ្នំពេញ ៖ សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១៧នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៧៧នាក់ ខណៈជនភៀសសឹកកើនឡើងដល់ចំនួន ១៣៤ ៦៦៨ គ្រួសារស្មើនឹងជាង ៤៤ ម៉ឺននាក់ ។

​ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅរសៀលនេះថា តាមរយៈទង្វើឈ្លានពានដ៏កំរោលរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជាដោយមិនរើសគោលដៅ បាញ់សម្លាប់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានបង្កផលប៉ះពាល់ជាច្រើន និងបណ្ដាលឱ្យពលរដ្ឋកម្ពុជាស្លាប់ ១៧នាក់ របួស ៧៧នាក់ ក្នុងនោះជនភៀសសឹកជាង១៣ម៉ឺនគ្រួសារ ស្មើនឹងជិត ៤៤ ម៉ឺននាក់ ក្នុងនោះស្ត្រីជីត២៣ម៉ឺននាក់ និងកុមារជាង១៣ម៉ឺននាក់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia