ព័ត៌មាន
ឯកឧត្តម វង សូត អនុញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន លេខាបក្សរង នៃវិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ចូលជួបសម្តែងការគួរសម
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន លេខាបក្សរងនៃវិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង និងគណៈប្រតិភូ ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ណែនាំ នាព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្វាគមន៍ចំពោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងជាយូរណាស់មកហើយ រហូតក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឈានទៅកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ឯកឧត្តម ជឿជាក់ថា តួនាទីរបស់វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង នឹងរួមចំណែកធ្វើឱ្យកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត។
លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន បានជម្រាបឯកឧត្តមអនុប្រធានទី២រដ្ឋសភាថា វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងទីក្រុង ហៃណាន គឺបង្កើតឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវនិងផ្តល់យោបល់ដល់រដ្ឋាភិបាល ដើម្បីរួមចំណែកបង្កើតគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច និងកសាងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាដៃគូនានា។
លោកសាស្រ្តាចារ្យ បានជម្រាបជូនបន្ថែមអំពីសក្កានុពលរបស់ទីក្រុង ហៃណាន ដែលជាទីក្រុងមួយទទួលបានលក្ខខណ្ឌគយឯករាជ្យពីរដ្ឋាភិបាលចិន។ ទីក្រុងហៃណាន មានទីតាំងភូមិសាស្រ្តនៅជិតប្រទេសកម្ពុជា និងមានអាកាសធាតុស្រដៀងគ្នា ដែលធ្វើឱ្យទីក្រុងនេះមានលក្ខណៈអំណោយផលដល់ការធ្វើកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយគ្នា។ លោកសាស្រ្តាចារ្យបានបន្ថែមថា វិទ្យាស្ថានតែងតែអញ្ជើញអ្នកស្រាវជា្រវរបស់កម្ពុជា ដើម្បីទៅទស្សនកិច្ចការងារនៅទីក្រុងហៃណាន និងទទួលយកនូវធាតុចូលផ្សេងៗ ដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសគឺជួយជំរុញ អ្នកវិនិយោគ និងអ្នកទេសចរណ៍កាន់តែច្រើន មកកម្ពុជា។ ជាអាទិ៍ វិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង បានសហការ និងមានទំនាក់ទំនងយ៉ាងល្អជាមួយ អ្នកស្រាវជ្រាវ និងស្ថាប័នខួរក្បាល របស់កម្ពុជាជាច្រើន ដូចជារាជបណ្ឌិតសភាកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាដើម។
ឯកឧត្តម វង សូត បានថ្លែងអំណរគុណមិត្តចិន ដែលតែងតែជួយគាំទ្រកម្ពុជា តាំងពីដំណាក់កាលកម្ពុជាទើបចាកផុតពីសង្គ្រាម ជាពិសេសគឺការគាំទ្រកម្ពុជាជ្រើសរើសតាមមាគ៌ារបស់ខ្លួន ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភាបានបញ្ជាក់ថា ក្នុងដំណាក់កាលនេះកម្ពុជាត្រូវការបំផុតនោះគឺសន្តិភាព។ ការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ ក្នុងពេលបច្ចុប្បន្ននេះ គឺកើតឡើងពីចេតនាឈ្លានពានពីប្រទេសថៃ ដែលបានប្រើអាវុធធន់ធ្ងន់ រួមទាំងយន្តហោះ F16 គ្រាប់បែកចង្កោម និងប្រើប្រាស់ផ្សែងពុលមកលើកម្ពុជាជាដើម បង្ករការបំផ្លិចបំផ្លាញភូមិឋានប្រជាជនស្លូតត្រង់ សាលារៀន វត្តអារ៉ាម និងប្រាសាទបុរាណដែលជាបេតិកភណ្ឌរបស់មនុស្សជាតិជាដើម។ សកម្មភាពឈ្លានពានរបស់ថៃ ធ្វើឱ្យកម្ពុជាពុំមានជម្រើសអ្វីផ្សេង ក្រៅតែពីការតបត ដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាជន។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំចិន ដែលយកចិត្តទុកដាក់ចំពោះសង្គ្រាមរវាងកម្ពុជា-ចិន និងបានខិតខំសម្របសម្រួលបញ្ឈប់ការប្រឈមមុខដោយប្រដាប់អាវុធរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ឯកឧត្តម សង្ឃឹមថា ការប្រឈមមុខនេះ នឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ ក្រោមការសម្របសម្រួលពីមិត្តចិន ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនទាំងសងខាង។
ឯកឧត្តម ក៏បានសម្តែងការត្រេកអរចំពោះគម្រោងដាក់ដំណើរការការលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិនដែលធ្វើដំណើរពីប្រទេសចិន មកកាន់កម្ពុជា ដោយឯកឧត្តម ជឿជាក់ថា គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ និងវិនិយោគគិនចិន ជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងជាពិសេសជួយលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ជាចុងក្រោយ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ផ្តល់អនុសាសន៍ដល់ លោកសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ លីន យ៉ុងស៊ីន ក្នុងនាមនាយករងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាអំពីសមុទ្រចិនខាងត្បូង ធ្វើការសហការឱ្យបានកាន់តែជិតស្និទ្ធជាមួយអ្នកស្រាវជ្រាវកម្ពុជា និងស្ថាប័នសង្គមស៊ីវិលផ្សេងៗរបស់កម្ពុជា សិក្សាលើទិដ្ឋភាពនានា រួមទាំងទិដ្ឋភាពច្បាប់ ដើម្បីជួយជំរុញដល់បរិយាសកាន់តែងាយស្រួលដល់ការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសលើកទឹកចិត្តដល់អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
-
ព័ត៌មាន1 week agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS3 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន6 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន5 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន4 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត