ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ និងពិព័រណ៍ ស្តីពីតម្បាញសូត្រប្រពៃណីខ្មែរ
ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីបើកមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ និងពិព័រណ៍ស្តីពីតម្បាញសូត្រប្រពៃណីខ្មែរ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ បានឲ្យដឹងថា ព្រឹតិ្តការណ៍មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេសលើកទី១ ឆ្នាំ២០២៥នេះ ប្រារព្ធឡើងក្នុងគោលបំណងលើកស្ទួយវិស័យសិប្បកម្ម និងជំរុញលើកទឹកចិត្តឱ្យមានការច្នៃប្រតិដ្ឋក្នុងវិស័យសិប្បកម្មនៅកម្ពុជា។ ក៏មានការប្រកួតប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋរបស់និស្សិត ការតាំងបង្ហាញផលិតផលច្នៃប្រតិដ្ឋរបស់សិប្បករ និងកិច្ចពិភាក្សាស្ដីអំពី ការប្រើប្រាស់ពណ៌ធម្មជាតិក្នុងសិប្បកម្មតម្បាញផងដែរ។
នាឱកាសនោះឯកឧត្តម ហាប់ ទូច បានថ្លែងថា វិស័យសិប្បកម្មនៅកម្ពុជាមានប្រវត្តិដ៏យូរលង់ និងជាផ្នែកមួយដ៏សំខាន់នៃមរតកវប្បធម៌ជាតិ។ សិប្បកម្មខ្មែរ បានឆ្លុះបញ្ចាំងពីទេពកោសល្យ និងភាពប៉ិនប្រសប់របស់បុព្វបុរសយើង តាមរយៈការបង្កើត ស្នាដៃដ៏វិចិត្រមានដូចជា គ្រឿងស្មូន គ្រឿងលង្ហិន គ្រឿងប្រាក់ គ្រឿងអលង្ការ និងផលិតផលតម្បាញសូត្រ ជាដើម។ សិប្បកម្មទាំងនេះមិនត្រឹមតែបម្រើឱ្យតម្រូវការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែវាក៏មានតម្លៃ សិល្បៈខ្ពស់ប្រណីតផងដែរ។ បច្ចុប្បន្ន វិស័យសិប្បកម្មនៅកម្ពុជាកំពុងមានការរីកចម្រើន ដោយមានការបញ្ចូលគ្នារវាងក្បាច់រចនាបុរាណជាមួយការច្នៃម៉ូដបែបសម័យថ្មី ដើម្បីបំពេញតម្រូវការទីផ្សារទាំងក្នុងនិង ក្រៅប្រទេស។ សិប្បកម្មមិនគ្រាន់តែជាផលិតផលនោះទេ តែជាអត្តសញ្ញាណវប្បធម៌ជាតិដែលបានបន្តវេនពីមួយ ជំនាន់ទៅមួយជំនាន់។ បច្ចុប្បន្ននេះ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បានដើរតួនាទីសំខាន់ក្នុងការ អភិរក្សជំនាញសិប្បកម្មប្រពៃណី នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា។ ការអភិរក្សចំណេះដឹងនិង ជំនាញដូនតាឲ្យបានគង់វង្ស ទន្ទឹមនឹងការអភិវឌ្ឍ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ នឹងជួយបង្កើនផលិតផល និងសេវាកម្មវប្បធម៌ប្រកបដោយគុណភាព តម្លៃ និងមានលក្ខណៈជាតិ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងអត្តសញ្ញាណជាតិ ហើយពិសេសជាងនោះទៅទៀត គឺជួយដល់កំណើនសេដ្ឋកិច្ច និងការងារយ៉ាងសន្ធឹកសន្ធាប់ផង។ ទោះបីជាយ៉ាងណាក៏ដោយ វិស័យនេះក៏នៅតែប្រឈមនឹងបញ្ហាប្រកួតប្រជែងជាមួយផលិតផល ដែលផលិតដោយម៉ាស៊ីន។ មួយវិញទៀត បញ្ហាប្រឈមដ៏សំខាន់គឺការផ្ទេរចំណេះដឹងពីសិប្បករចាស់ៗទៅ អ្នកជំនាន់ក្រោយឲ្យបានទូលំទូលាយ។ ហេតុដូច្នេះហើយ ទើបមានការបង្កើតកម្មវិធី និងព្រឹត្តិការណ៍នានា ដូចជា៖ មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ ដើម្បីលើកទឹកចិត្តយុវជនឱ្យចាប់អារម្មណ៍ និងចូលរួមថែរក្សាវប្បធម៌ សិល្បៈដ៏មានតម្លៃនេះ។ វេទិកាមហោស្រព ជាវេទិកាមួយដ៏សំខាន់សម្រាប់លើកទឹកចិត្តយុវជនហ៊ានគិត ហ៊ានធ្វើថ្មី ដើម្បីឲ្យវិស័យច្នៃប្រតិដ្ឋនៅកម្ពុជាមានការរីកចម្រើន។ ជាងនេះទៅទៀត មហោស្រពនេះជា វេទិកាតាំងបង្ហាញសមិទ្ធផល ការផ្លាស់ប្តូរបទពិសោធន៍ និងភ្ជាប់ទំនាក់ទំនងរវាងសិប្បករ និងសិប្បករ។
ជាចុងក្រោយឯកឧត្តម ហាប់ ទូច សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តគាំទ្រវិស័យសិប្បកម្មច្នៃប្រតិដ្ឋរបស់កម្ពុជា ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាលើកទឹកចិត្តដល់សិប្បករ និងអ្នករចនាទាំងអស់ក្នុងការរិះរក គំនិតច្នៃប្រតិដ្ឋថ្មីៗ ក្នុងសិប្បកម្មប្រពៃណី ព្រមទាំងអាចផ្ទេរចំណេះដឹងនេះដល់យុវជនជំនាន់ក្រោយផងដែរ៕
អត្ថបទ រដ្ឋា















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ