Connect with us

ព័ត៌មាន

ឧត្តមសេនីយ៍ឯក មួង សុធា ក្រើនរំលឹកនគរបាលខេត្តកំពង់ស្ពឺ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គ្រប់​គ្រង​មុខសញ្ញា និងបង្ការបង្ក្រាបបទល្មើស

កំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក្រើន​រំឭក​ដល់​កម្លាំង​នគរបាល​ខេត្ត​កំពង់ស្ពឺ ឱ្យបង្កើនការយកចិត្តទុកដាក់ លើការគ្រប់គ្រងមុខសញ្ញា ការ​បង្ការ​បទ​ល្មើស​គ្រប់​ប្រភេទ និងត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឱ្យ​ទទួលបានជោគជ័យបន្ថែមទៀត នៅក្នុងឆ្នាំ២០២៦ ខាងមុខ ។

ការជំរុញបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការណ៍ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ ។

ឧត្តមសេនីយ៍ទោឃឹម សុខៃ ស្នងការនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កងកម្លាំងនគរបាលខេត្ត បានខិតខំការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ។ ជាក់ស្តែងកម្លាំងជំនាញបានបង្ក្រាបបានចំនួន ៦៨លើ៦៩ករណី ក្នុងនោះបទល្មើសឧក្រិដ្ឋ២៦ លើ២៧ករណី បទល្មើសមជ្ឈឹម ៤២លើ៤២ករណី ហើយបទល្មើសកើតមានច្រើនជាងគេ គឺលួចមានស្ថានទំងន់ទោស (ប្លន់) ៩ករណី ឃាតកម្ម៥ករណី រំលោភសេពសន្ទវៈ ១២ករណី លួចគ្មានស្ថានទំងន់ទោស ១៤ករណី ឆក់៧ករណី ហិង្សាដោយចេតនា៧ករណី និងហិង្សាក្នុងគ្រួសារ ១២ករណី ។

លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា ប្រឈមចំពោះបទល្មើសខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានខិតខំប្រមូលផ្តុំវិធានការជំនាញ វិធានការចំហរ គួបផ្សំវិធានការមហាជន តាមរយៈការអនុវត្តគោលនយោបាយ (ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព) ដោយសហការជាមួយអង្គភាពពាក់ព័ន្ធ មន្ទីរជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទបានស្ទើតែ ១០០ភាគរយ ។

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្ត ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ។

អភិបាលរងខេតត្ត សង្កត់ធ្ងន់ថា សន្តិសុខគឺជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍខេត្ត ដូច្នេះសូមឱ្យកងកម្លាំងទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយ (ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព) ឱ្យមានប្រសិទ្ធភាពខ្ពស់ បំបាត់ឱ្យបាននូវល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក មួង សុធា បានដាក់ចេញទិសដៅការងារសំខាន់ៗ សម្រាប់ឆ្នាំ២០២៦ និងបានណែនាំដល់កម្លាំងនគរបាលខេត្ត ត្រូវបន្តពង្រឹងវិន័យកងកម្លាំង លើកកម្ពស់សមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ កុំស្កប់ស្កល់និងលទ្ធផល ដែលសម្រេចបាននាឆ្នាំកន្លងមក ហើយមិនត្រូវបណ្តែតបណ្តោយឱ្យបទល្មើសកើតមានឡើង ត្រូវបង្កើនការយកចិត្តទុកដាក់ លើការគ្រប់គ្រងមុខសញ្ញា ការបង្ការបទល្មើសគ្រប់បរភេទ និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងកិច្ចប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង ធ្វើយ៉ាងណាឱ្យលទ្ធផល នាឆ្នាំបន្ទាប់ទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia