ព័ត៌មាន
សហគមន៍អន្តរជាតិស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា-ថៃ និងជំរុញឱ្យខិតខំអនុវត្តឱ្យបានពេញលេញ
ភ្នំពេញ ៖ក្រោយ កម្ពុជា និងថៃ ទទួលបានបទឈប់បាញ់បន្ទាន់ដែលបានចូលជាធរមានកាលពីម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC), សហគមន៍អន្តរជាតិនានា និងបណ្ដាប្រទេសជាមិត្ត និងប្រទេសមហាអំណាច បានចេញស្វាគមន៍ចំពោះលទ្ធផលបទឈប់បាញ់ជាវិជ្ជមានមួយនេះ និងជំរុញឱ្យភាគីទាំងពីរខិតខំអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ចេញពីទីក្រងញូវយ៉កថាអគ្គលេខាធិការអង្គការសហប្រជាជាតិ សូមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្នក៏ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធី នៃស្ថានការណ៍រវាងកម្ពុជា និងថៃ។ អង្គការសហប្រជាជាតិ ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ចំណែកលោក Anouar El Anouni អ្នកនាំពាក្យផ្នែកគោលនយោបាយការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប កាលពីម្សិលមិញក៏បាន ប្រកាស ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃនេះរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ សហភាពអឺរ៉ុប បានអំពាវនាវឱ្យភាគីទាំងសងខាងអនុវត្តកិច្ចព្រមព្រៀងនេះដោយសុឆន្ទៈ។ សហភាពអឺរ៉ុបប្រកាសត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រតាមតម្រូវការចាំបាច់នានា។
ជាមួយគ្នានេះ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែធ្នូនេះ ក៏បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះលទ្ធផលនៃបទឈប់បាញ់បន្ទាន់រវាង កម្ពុជា និងថៃ ដែលលទ្ធផលនេះបានបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ។ ប្រមុខការទូតអាមេរិក បានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ។
ចំណែក ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសចិន បានប្រកាសស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមរវាងប្រទេសកម្ពុជា និងប្រទេសថៃដែលយល់ព្រមលើបទឈប់បាញ់ ជាមួយការលើកឡើងថា កិច្ចសន្ទនា និងការពិគ្រោះយោបល់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងអាចអនុវត្តបាន ដើម្បីដោះស្រាយជម្លោះស្មុគស្មាញ។ ប្រមុខការទូតចិនបានលើកឡើងថា ចិន អាស៊ាន និងសហគមន៍អន្តរជាតិ បានខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចគោលដៅនេះ។ ចិនត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់វេទិកានិងបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជា និងថៃ ឱ្យការធ្វើទំនាក់ទំនងកាន់តែពេញលេញ និងលម្អិតជាងមុន។
ជាមួយគ្នានេះ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន ក្រោយទទួលបានបទឈប់បាញ់ភ្លាមៗ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសស្វាគមន៍ចំពោះបទឈប់បាញ់រវាង កម្ពុជា-ថៃ និងប្រកាសគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីធានាថាកិច្ចព្រមព្រៀងនេះត្រូវបានគោរព និងអនុវត្តដោយពេញលេញ។
ចំណែកប្រទេសអូស្ត្រាលីក៏បានប្រកាស ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ជាបន្ទាន់ជាមួយគ្នា រវាងកម្ពុជា និងថៃនេះ ដើម្បីការពារជនស៊ីវិល និងឈានទៅការវាសវែងកំណត់ព្រំដែនដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ និងដោះលែងទាហានកម្ពុជាដែលត្រូវបានឃុំខ្លួន។
ជាមួយគ្នានេះ ប្រទេសជប៉ុន ក៏បានប្រកាសស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ និងសង្ឃឹមយ៉ាងមុតមាំ ថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា។ នេះបើតាម សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន។
ចំណែក រដ្ឋមន្ត្រីការបរទេសសហព័ន្ធអាល្លឺម៉ង់ លោកបណ្ឌិត Johann Wadephul ក៏បានប្រកាសស្វាគមន៍ និងចាត់ទុក បទឈប់បាញ់រវាងកម្ពុជា និងថៃ នេះ គឺជាការផ្តល់ក្តីសង្ឃឹម។ លោកថ្លែងថា «បទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជាផ្តល់ក្តីសង្ឃឹម។ បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍ វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិសុខ និងស្ថិរភាព ជាពិសេសសម្រាប់ជនភៀសខ្លួនក្នុងស្រុក។
រីឯ លោកជំទាវ Seema Malhotra MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏បានចេញមុខស្វាគមន៍ចំពោះលទ្ធផលនៃបទឈប់បាញ់ជាថ្មីរវាងប្រទេសថៃ និងកម្ពុជា។








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ