Connect with us

ព័ត៌មាន

ប្រព័ន្ធទូរស័ព្ទ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងជួយអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋ

ប្រព័ន្ធលេខទូរស័ព្ទ ១២៩១ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោម​ការ​ដឹកនាំ​ប្រតិបត្តិការ​ដោយ​លោក​ឧត្តម​សេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​មេ​បញ្ជា​ការ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានដាក់​ឲ្យ​ដំណើរ​ការ​ទៅ​អស់​រយៈ​ពេលច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ ដែលវាបានដើរតួនាទី​សំខាន់​ក្នុង​ការ​ជួយ​ដល់​កិច្ច​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា​ជូន​ពលរដ្ឋ ពេលមានបញ្ហាអាសន្នណាមួយ ឬអំពើអសន្តិសុខ​ទាំង​ឡាយ​កើត​ឡើង​នៅ​ភូមិឋាន​រស់​នៅរបស់ពួកគាត់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

ការទទួលការស្នើសុំកិច្ចអន្តរាគមន៍ និងចុះអន្តរាគមន៍បានទាន់ពេលវេលានេះដែរ ក៏ជា​ការ​រួម​ចំណែក​ខ្ពស់មួយលើការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព​របស់​ប្រមុ​ខ​រាជ​រដ្ឋាភិបាល បន្ថែមពីលើការចុះផ្សព្វផ្សាយអប់រំ ពលរដ្ឋ និងយុវជន លើបញ្ហាគ្រឿងញៀន ក្មេង​ទំនើង តាមរយៈវេទិកាសាធារណៈតាមភូមិឋាន និងតាមសាលារៀនផងដែរ ទាំង​កម្រិត​សិក្សា​ថ្នាក់​បឋម អនុវិទ្យាល័យ និងវិទ្យាល័យជាដើម។

ជាក់ស្តែង ក្នុងពេលថ្មីៗនេះ មានករណីផ្ទុះការចាប់អារម្មណ៍០២ករណី បន្ទាប់​ពី​មាន​បុរស​ម្នាក់​មាន​សភាព​ប្រើប្រាស់ថ្នាំញៀនលើសកម្រិត បានប្រើកាំបិតគំរាមកំហែងដល់ពលរដ្ឋក្បែរខាង បង្ក​ការភិតភ័យ នៅខណ្ឌមានជ័យ និងមួយករណីទៀតមានបុរសម្នាក់មានជំងឺសសៃប្រសាទ បាន​ប្រើ​ហិង្សា​លើសមាជិកគ្រួសារ វាយ និងដុតបំផ្លាញទ្រព្យសម្បត្តិ នៅខណ្ឌទួលគោក ត្រូវបាន​សមត្ថកិច្ច​អាវុធ​ហត្ថរាជធានី ចុះធ្វើការបង្ក្រាបឃាត់ខ្លួនអនុវត្តនីតិវិធីច្បាប់ តាមរយៈការ​ប្រើប្រាស់​យុទ្ធ​វិធី​ជំនាញ។

ពលរដ្ឋ សម្តែងក្តីពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី ពិសេស​ការពង្រឹងលើការចុះអន្តរាគមន៍ឲ្យបានទាន់ពេល ពេលប្រជាជនជួបអាសន្ន ត្រូវការ​កិច្ច​អន្ត​រាគមន៍ នេះជាអ្វីដែលពលរដ្ឋត្រូវការ និងចង់បាន ហើយវាការ​បាន​ផ្តល់​ជា​ភាព​កក់​ក្តៅស​ម្រាប់​ពលរដ្ឋ លើការការពារសន្តិសុខសុវត្ថិភាពផងដែរ មិនថានៅពេលយប់ ឬពេលថ្ងៃនោះឡើយ។

ទាក់ទងនឹងប្រព័ន្ធទូរស័ព្ទលេខ ១២៩១ ខាងលើនេះដែរ សមត្ថកិច្ចកងអាវុធហត្ថរាជធានីភ្នំពេញ ក៏​សូមការអាធ្យាស្រ័យដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែង ឬ​ជួប​រឿង​ពិតប្រាកដអ្វីនោះទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុម​ការងារសមត្ថកិច្ច អាចទទួលបានបណ្តឹងពិតប្រាកដ ក្នុងការចុះអន្តរាគមន៍ឲ្យបានទាន់ពេល ដល់​អ្នកដែលត្រូវការកិច្ចអន្តរាគមន៍បន្ទាន់ ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia