ព័ត៌មាន
សម្ដេចតេជោ រំភើបស្រក់ទឹកភ្នែកពេលវីរយុទ្ធជនទាំង១៨រូប បានមកដល់មាតុប្រទេសវិញ និងកម្លាំងសាមគ្គីពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន
នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរកងទ័ពទាំង១៨នាក់ និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ នៅវិមាន៧មករា រាជធានីភ្នំពេញ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានថ្លែងឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះយុទ្ធជនកម្ពុជាទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព ក្រោយឋិតក្រោមការឃុំគ្រងរបស់ភាគីថៃ អស់រយៈពេល១៥៥ ថ្ងៃកន្លងមក ហើយត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន និងបានមកដល់រាជធានីភ្នំពេញជួបជុំក្រុមគ្រួសារ និងសាច់ញាតិវិញកាលពីម្សិលមិញនេះ។
សម្ដេចតេជោ ក៏បានបង្ហាញនូវអារម្មណ៍ទុក្ខសោកអំពីការព្រាតប្រាស់គ្នារបស់វីរៈកងទ័ពទាំង ១៨រូប ជាមួយនឹងក្រុមគ្រួសារ ដោយសារសម្ដេចតេជោផ្ទាល់ធ្លាប់បានឆ្លងកាត់នូវការព្រាតប្រាស់គ្រួសារកាលពីពេលដែលសម្ដេចយកជីវិតជាដើមទុនដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ដូច្នេះសម្ដេចតេជោបានយល់ច្បាស់អំពីការលំបាករបស់ក្រុមគ្រួសារ និងទុក្ខលំបាករបស់វីរៈយុទ្ធជនយើង។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានអរគុណជាអនេកដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់វីរៈយុទ្ធជនរបស់យើង។ សម្ដេចតេជោបានថ្លែងថា សម្ដេចផ្ទាល់បានយកចិត្តទុកដាក់ និងតាមដានជាប្រចាំអំពីស្ថានភាព ទុក្ខលំបាករបស់ក្រុមគ្រួសារ និងទុក្ខលំបាករប់សវីរៈយុទ្ធជនរបស់យើងផងដែរ។ ជាពិសេសនោះសម្ដេចតេជោ បានរំលេចថា ព្រះមហាក្សត្រនៃយើង និងសម្ដេចម៉ែ ព្រះអង្គទាំងទ្វេ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខវីរៈយុទ្ធជនរបស់យើងទាំង១៨រូប រួមទាំងវីរៈយុទ្ធជនរបស់យើងដែលបានការពារនៅតាមបន្ទាត់ព្រំដែនផងដែរ។
សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីរំភើប ដោយកាលពីថ្ងៃម្សិលមិញ ក្នុងឱកាសដែលវីរៈយុទ្ធជនរបស់យើងបានមកដល់មាតុប្រទេសវិញដោយមានការទទួលស្វាគមន៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងអស់ គ្របមជ្ឈដ្ឋានហើយសម្ដេចក៏មានក្ដីរំភើបរហូតស្រកទឹកភ្នែក។ សម្ដេចតេជោបានបញ្ជាក់ថា នេះគឺជាស្មារតីនៃសាមគ្គីភាពរបស់ប្រជាជនខ្មែរដ៏ធំបំផុតសម្រាប់វីរៈយុទ្ធជនយើងទាំង១៩នាក់ និងស្មារតីសាមគ្គីភាពគាំទ្រដល់វីរៈយុទ្ធជនយើងនៅសមរភូមិមុខផងដែរ។
សូមជម្រាបថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទីបំផុតកម្ពុជាបានទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រសារមកវិញដោយជោគជ័យកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មិនដែលទុកបងប្អូនវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធកម្ពុជាម្នាក់ណាចោលឡើយ។
សូមបញ្ជាក់ដែរថា ការដោះលែងយោធិនកម្ពុជាចំនួន១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង១៨រូបមកកម្ពុជាវិញនេះ ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ផងដែរ។
ការដោះលែងយោធិនរបស់យើងទាំង១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។
រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង១៨រូបនាថ្ងៃនេះ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕





-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 day agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន2 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា