ព័ត៌មាន
ក្រសួងការងារ និងសហជីព រួមគ្នាលើកកម្ពស់ឥរិយាបថល្អ និងបរិយាកាសការងារគ្មានការបៀតបៀនតាមរោងចក្រ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសមាគមនិយោជក និងអង្គការដៃគូពាក់ព័ន្ធ កំពុងបន្តជំរុញយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ឥរិយាបថល្អ និងទំនាក់ទំនងការងារល្អនៅកន្លែងធ្វើការ»។ តាមរយៈយុទ្ធនាការនេះ ក្រសួង និងភាគីសហជីព បានជំរុញឱ្យកម្មករ-កម្មការិនី ប្រើប្រាស់ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍លេខ ១២៨៦ ឬស្កេន QR Code ដើម្បីរាយការណ៍ភ្លាមៗ ក្នុងករណីជួបប្រទះការរំលោភបំពាន ឬការបៀតបៀនណាមួយនៅក្នុងរោងចក្រ។

ក្នុងឱកាសយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និង CARE បានរួមគ្នាផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសារអប់រំ ដើម្បីផ្លាស់ប្តូរឥរិយាបថ និងបង្កើតបរិយាកាសការងារមួយដែលមានសុវត្ថិភាព ការគោរព និងការឱ្យតម្លៃគ្នាទៅវិញទៅមក។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះថា យុទ្ធនាការនេះសំដៅពង្រឹងបន្ថែមទៀតនូវបរិយាកាសការងារ និងទំនាក់ទំនងវិជ្ជាជីវៈរវាងនិយោជិត និយោជក និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងរោងចក្រ។ លោកបញ្ជាក់ថា តាមរយៈយុទ្ធនាការនេះ ក្រសួងបានបង្ហាញជំហរយ៉ាង ម៉ឺងម៉ាត់ ក្នុងការបន្តកំណែទម្រង់ និងការកែលម្អលើចំណុចផ្សេងៗទៀតដែលទទួលបានពីដៃគូពាក់ព័ន្ធ ទាំងសង្គមស៊ីវិល សហជីព និងអង្គការអន្តរជាតិនានា រួមទាំងកង្វល់របស់កម្មករ កម្មការិនី ដែលបានទាក់ទងមកកាន់ក្រសួង និងការចុះពិនិត្យ ផ្ទាល់របស់មន្រ្តី ដើម្បីធានាឱ្យកម្មករនិយោជិតទទួលបានបរិយាកាសកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនេះដែរ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏បានលើកឡើងដោយគាំទ្រអំពីស្ថានភាពជាក់ស្តែងក្នុងរោងចក្រ និងការលើកទឹកចិត្តឱ្យកម្មករហ៊ានរាយការណ៍ទៅកាន់ក្រសួងការងារ ក្នុងករណីជួបប្រទះការរំលោភបំពាន ឬការបៀតបៀនណាមួយ ដោយមិនត្រូវលាក់ទុក ឬទ្រាំទ្រនូវការគំរាមកំហែងឡើយ។ លោកសង្កត់ធ្ងន់ថា យន្តការ ទទួលពាក្យបណ្តឹងរបស់ក្រសួងការងារនាពេលបច្ចុប្បន្ន មានភាពងាយស្រួល និងរក្សាការសម្ងាត់ខ្ពស់បំផុត ដើម្បីធានា សុវត្ថិភាពដល់អ្នករាយការណ៍ ហើយខាងសហជីពផ្ទាល់ក៏ត្រៀមខ្លួនជានិច្ចក្នុងការចុះអន្តរាគមន៍ និងការពារផល ប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិត ដើម្បីប្រែក្លាយកន្លែងការងារឱ្យក្លាយជាកន្លែងដែលមាន សុខដុមរមនា និងសេចក្តីថ្លៃថ្នូរ។
សូមបញ្ជាក់ថា តាមរយៈផ្ទាំងផ្សព្វផ្សាយរបស់យុទ្ធនាការ ប្រសិនបើកម្មករ-កម្មការិនី ជួបប្រទះការមិនប្រក្រតី ការប្រើអំពើហិង្សា ការបៀតបៀន ឬការរំលោភសិទ្ធិណាមួយនៅកន្លែងធ្វើការ អាចទាក់ទងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្ទាល់តាមរយៈប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ លេខ ១២៨៦ ឬស្កេន QR Code ដែលបានបែងចែកតាមវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ដើម្បីទទួលបានកិច្ចអន្តរាគមន៍ និងដំណោះស្រាយទាន់ពេលវេលា៕អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន7 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន7 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន7 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន7 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន7 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា