ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ
តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ហើយសកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ និងកិច្ចព្រមព្រៀងដែលមានកន្លងមក គឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់។

ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ឯកឧត្តមបញ្ជាក់បន្ថែមថា រូបភាព ឬព័ត៌មានផ្សេងៗដែលពលរដ្ឋបានឃើញនៅកន្លែងមួយចំនួនតាមបណ្តោយព្រំដែន មិនមែនជាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរទេ ដូច្នេះសូមរង់ចាំក្រុមការងារជំនាញ ប្រទេសទាំងពីរចុះវាស់វែងសិននោះទើបជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិពិតប្រាកដរវាងប្រទេសទាំងពីរ។
សូមរម្លឹកថា សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ៕
-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
PR NEWS2 hours agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត