Connect with us

ព័ត៌មាន

គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២៥ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ ពាន់ប៊ីលានរៀលកើនឡើងជាង៧%

ស្ថានភាពវិនិយោគនៅកម្ពុជា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានទ្រព្យសកម្មបរទេស របស់ប្រទេសកម្ពុជា មានចំនួនជាង ១៧៦ ពាន់ប៊ីលានរៀល បានកើនឡើងជាង ៧% ខណៈទ្រព្យអកម្មបរទេស មានចំនួនជាង ៣០៣ ពាន់ប៊ីលានរៀល បានកើនឡើងជាង ១% បើធៀបត្រីមាសទី២ ឆ្នាំ២០២៥។

ធនាគារជាតិនៃកម្ពុជា ចេញព្រឹត្តបត្រស្ថិតិជញ្ជីងទូទាត់ ត្រីមាសទី៤ ឆ្នាំ២០២៥ ដោយបានបង្ហាញឱ្យដឹងថា នៅក្នុងត្រីមាស ទី៣ ឆ្នាំ២០២៥, វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់ចំនួន ៦.៤៧៩ ប៊ីលានរៀល បានកើនឡើង ១.៥៤៦ ប៊ីលានរៀល ស្មើជាង ៣១% ពី ៤.៩៣៤ ប៊ីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ, វិនិយោគផ្ទាល់បរទេសនៅកម្ពុជា បានកើនឡើង ១.០៥៦ ប៊ីលានរៀល ស្មើជាង ១៩% ពី ៥.៤២៣ ប៊ីលានរៀល។

ចំណែកវិនិយោគលើផលបត្រ បានបង្ហាញទ្រព្យសកម្មសុទ្ធ ៣៨៤ ប៊ីលានរៀល បានកើនឡើង ២៤៧ ប៊ីលានរៀល ស្មើ ១,៨ ដង ពី ១៣៧ ប៊ីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ, ទ្រព្យសកម្មសុទ្ធនៃវិនិយោគលើផលបត្រ បានថយចុះជាង ១ ពាន់ ប៊ីលានរៀល ស្មើជិត ៧៨% ពីទ្រព្យសកម្មសុទ្ធ ១.៧៤១ ប៊ីលានរៀល។ ចំណែកវិនិយោគផ្សេងទៀត បានបង្ហាញទ្រព្យសកម្មសុទ្ធ ជាង ៤ ពាន់ប៊ីលានរៀល បានកើនឡើងជាង ៣ ពាន់ប៊ីលានរៀល ពី ៩៩១ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ, ទ្រព្យ សកម្មសុទ្ធនៃវិនិយោគផ្សេងទៀត បានថយចុះជិត ២ ពាន់ប៊ីលានរៀល ស្មើជិត ៣៣% ពីទ្រព្យសកម្មសុទ្ធជាង ៦ ពាន់ប៊ីលានរៀល។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥, ទ្រព្យសកម្មជាទុនបម្រុង បានកើនឡើង ៩១៤ ប៊ីលានរៀល ធៀបនឹងការកើនឡើងជិត ១.៦០០ ប៊ីលានរៀល ក្នុងត្រីមាសមុន និងការកើនឡើង ២៨៨ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

ស្ថានភាពវិនិយោគអន្តរជាតិវិញ, គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៥ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជា បាន បង្ហាញថា មានទ្រព្យអកម្មបរទេសសុទ្ធ ចំនួនជាង ១២៧ ពាន់ប៊ីលានរៀល បានថយចុះជាង ៨ ពាន់ប៊ីលានរៀល ត្រូវ ៦% ពីទ្រព្យ អកម្មបរទេសសុទ្ធ ជាង ១៣៥ ពាន់ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ, ទ្រព្យអកម្មបរទេសសុទ្ធបានថយចុះជិត ១៦ ពាន់ប៊ីលានរៀល ស្មើ ១១% ពីទ្រព្យអកម្មបរទេសសុទ្ធ ជាង ១៤៣ ពាន់ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។ ទ្រព្យសកម្មបរទេសរបស់ ប្រទេសកម្ពុជា មានចំនួនជាង ១៧៦ ពាន់ប៊ីលានរៀល បានកើនឡើងជាង ១២ ពាន់ប៊ីលានរៀល ស្មើជាង ៧% ។ ធៀបឆ្នាំលើឆ្នាំ, ទ្រព្យសកម្មបរទេសបានកើនឡើងជាង ២៤ ពាន់ប៊ីលានរៀល ស្មើ ១៦%។ ចំណែកទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជា មានចំនួន ជាង ៣០៣ ពាន់ប៊ីលានរៀល បានកើនឡើងជាង ៤ ពាន់ប៊ីលានរៀល ស្មើជាង ១% ពី ២៩៩ ពាន់ប៊ីលានរៀល នៅចុងត្រីមាសមុន។ ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាបានកើនឡើងជាង ៨ ពាន់ប៊ីលានរៀល ស្មើ ៣% ពី ២៩៤ ពាន់ប៊ីលានរៀល នៅចុងត្រីមាស ដូចគ្នាឆ្នាំមុន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia