ព័ត៌មាន
កម្ពុជាតវ៉ាចំពោះការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅតំបន់ខ្លះយោធាថៃចូលហួសពីខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានចេញ សេចក្តីថ្លែងការណ៍រ តវ៉ាចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅតំបន់ខ្លះ ស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។
តាមរយៈសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា ជម្រាបទៅសហគមន៍អន្តរជាតិ និងសាធារណជនទូទៅអំពីការបន្តសកម្មភាពគឃ្លីនរបស់កងកម្លាំង ប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅតំបន់ខ្លះ ស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៀតផង ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និង ជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយ សំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួនរួមមាន ដូចជា៖ ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន
ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ)
ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ
ខេត្តឧត្តរមានជ័យ៖ តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពាន របស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំង ប្រដាប់អាវុធថៃ នៅខេត្តទាំងបួនខាងលើរបស់កម្ពុជា។ ដោយមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួម របស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការហាមមិន ឱ្យមានសកម្មភាពញុះញង់ ការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងប្រជាជនស៊ីវិល និងគោលដៅស៊ីវិលក្នុង គ្រប់កាលៈទេសៈ កងទ័ពថៃកំពុងតែបង្កើនការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា ជាពិសេសនៅក្នុងភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់ច្រកទ្វារ អន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ របស់កម្ពុជា។
ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ កម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិ របស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាន គឺជាការរំលោភ យ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់ សិទ្ធិមនុស្សអន្តរជាតិ រួមទាំង៖ មាត្រា ២ (៣) និង ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យដោះ ស្រាយជម្លោះតាមសន្តិវិធី និងហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងបូរណភាពទឹកដី នៃរដ្ឋមួយផ្សេងទៀត។ មាត្រា៥៣ នៃអនុសញ្ញាទី៤ ក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលហាមឃាត់ការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិបុគ្គលឯកជន ឬរបស់រដ្ឋ ដែលនេះជាទង្វើដែលពុំមានហេតុផល យោធាណាមកតម្រូវបានឡើយ ក្នុងពេលបទឈប់បាញ់កំពុងនៅជាធរមាន។ មាត្រា៥២ នៃពិធីសារបន្ថែមទី១ ឆ្នាំ១៩៧៧ នៃអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា វាជាការសំខាន់ដែលត្រូវគូសបញ្ជាក់ថា កម្ពុជា និងថៃ មានព្រំដែនគោកអន្តរជាតិដែល ត្រូវបានកំណត់តាមផែនទីដែលត្រូវបានផលិតឡើង ដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ។ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនកម្ពុជា និងថៃ ត្រូវបានបង្កើតឡើងដើម្បី កំណត់ខ្សែបន្ទាត់ព្រំដែនរវាងបង្គោលព្រំដែនដែលបានបោះរួចហើយ។ គណៈកម្មការចម្រុះខ័ណ្ឌសីមា ព្រំដែនគោកខាងកម្ពុជាក៏បានធ្វើការតវ៉ាជាលាយលក្ខណ៍អក្សរជាផ្លូវការ ទៅកាន់សមភាគីថៃ ប្រឆាំង នឹងការរំលោភបំពាន់របស់កងទ័ពថៃលើទឹកដីកម្ពុជា និងលើអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌ សីមាព្រំដែន ខណៈដែលភាគីទាំងពីរសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការងារខ័ណ្ឌសីមា ព្រំដែន ជាពិសេសក្នុងពេលថ្មីៗនេះ លើការអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាសូមសង្កត់ធ្ងន់ថា ការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយ កងកម្លាំងយោធាថៃលើទឹកដីកម្ពុជា ដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហថៃទៅទៀត គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ការកាន់កាប់ និងបន្តកាន់កាប់ តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ជា មូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើ ប្រាស់កម្លាំង។ ការកាន់កាប់ទឹកដី ដែលទទួលបានពីការគំរាមកំហែង និងប្រើប្រាស់កម្លាំង គឺផ្ទុយទៅ នឹងគោលការណ៍ជាមូលដ្ឋាន និងដាច់ខាតនៃច្បាប់អន្តរជាតិ ដែលហាមឃាត់នូវការដណ្តើមយកទឹកដី ដោយប្រើប្រាស់កម្លាំង។ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើត ចេញពីទង្វើបែបនេះ គឺគ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។
សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមការព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី៧ ខែសីហា ថ្ងៃទី១០ ខែកញ្ញា និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងដំណោះស្រាយវិវាទដោយសន្តិវិធី ដែល ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ ភាគីទាំងពីរ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងដោះស្រាយបញ្ហាលេចធ្លោទាំងឡាយយ៉ាង ខ្ជាប់ខ្ជួនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ការវាយកម្ទេចសំណង់ស៊ីវិលដោយកងកម្លាំងប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះពីវឌ្ឍនភាព ដែលសម្រេចបានដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែនត្រង់ បង្គោលព្រំដែនលេខ ៥២-៥៩ និងលេខ ៤២-៤៧ ដែលការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែនដែលកំពុងដំណើរការ តាមរយៈការបង្កើតនូវស្ថានភាព មានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ។
ក្រសួងការបរទេសកម្ពុជា កម្ពុជាទាមទារឱ្យប្រទេសថៃ៖ ក. បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាព នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា។ ខ. ដកបុគ្គលិក និងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់។ គ. គោរពដោយស្មោះត្រង់ចំពោះ លក្ខខណ្ឌ និងស្មារតីនៃការព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួមស្តីពីសន្តិភាព និងការដោះស្រាយ ជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុង គូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករេ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាមួយ ប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់ កម្លាំងនោះឡើយ។ កម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះ ព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែល មានស្រាប់៕







-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥