ព័ត៌មាន
ឯកឧត្តម ជួន ណារិន្ទ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព និងកងនគរបាលដែលរងរបួសក្នុងសមរភូមិប្រយុទ្ធកន្លងមក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ជាមួយវីរកងទ័ព និងវីរកងនគរបាលកម្ពុជា ដែលបានរងរបួសក្នុងសមរភូមិប្រយុទ្ធកន្លងមក ក្នុងនោះក៏មានវីរកងទ័ពប្រចាំទិសប្រាសាទព្រះវិហារ ឈ្មោះបេ សុផាត ដែលបានរងរបួសភ្នែកទាំងសងខាងធ្ងន់ធ្ងរកំពុងសម្រាកទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នាមន្ទីរពេទ្យព្រះអង្គដួង ។

ក្នុងគ្រាដែលវីរយុទ្ធជន បេ សុផាត កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ រូបគាត់បានផ្តែផ្តាំផ្ញើតាមរយៈលោកជំទាវ លីម ដារ៉ែន ដែលជាភរិយាឯកឧត្តមជួន ណារិន្ទ គ្រាដែលលោកជំទាវ និងកូនប្រុសបានចុះទៅសួរសុខទុក្ខលើកទី១ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយប្រាប់ថា រូបគាត់ (បេ សុផាត) ចង់ជួប នឹងស្តាប់លឺសម្លេងឯកឧត្តម ជួន ណារិន្ទដោយផ្ទាល់ម្តងទៀតខ្លាំងណាស់ ព្រោះគាត់ធ្លាប់បានជួបមុខឯកឧត្តមផ្ទាល់បានតែម្តង គ្រាដែលឯកឧត្តមស្នងការ និងលោកជំទាវ រួមទាំងក្រុមការងារ ចុះទៅសួរសុខទុក្ខវីរកងទ័ព និងកងនគរបាលកម្ពុជានៅទិសប្រាសាទព្រះវិហារ មុនកើតមានសមរភូមិប្រយុទ្ធគ្នាជាមួយយោធាថៃ។

វីរយុទ្ធជន បេ សុផាត បានសម្តែងនូវទឹកចិត្តរំភើប និងក្តុកក្តួលក្នុងចិត្តឥតឧប្បមា ចំពោះការផ្តល់វត្តមានរបស់ ឯកឧត្តមជួន ណារិន្ទ ចុះទៅជួបរូបគាត់ផ្ទាល់តបតាមក្តីបំណង បើទោះបីជាភ្នែករបស់គាត់ទាំងសងខាងត្រូវរងរបួសធ្ងន់ធ្ងរមិនអាចមើលឃើញមុខឯកឧត្តមច្បាស់ក៏ពិតមែន តែរូបគាត់ក៏បានលឺសម្លេងរបស់ឯកឧត្តមជួន ណារិន្ទ និងលោកជំទាវយ៉ាងច្បាស់ដែលបានមានប្រសាសន៍ផ្តល់ជាកម្លាំងចិត្ត លើកទឹកចិត្តដល់រូបគាត់ ពិសេសផ្តែផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលធ្វើឲ្យរូបគាត់ទទួលបានអារម្មណ៍ថា គាត់មិនបានឯកោ ឬកណ្តោយកណ្តែងនោះឡើយ គឺនៅមានប្រជាជាតិកម្ពុជា ពិសេសប្រមុខថ្នាក់ដឹកនាំប្រទេសកំពុងនៅគៀកគាត់ និងផ្តល់ភាពកក់ក្តៅឲ្យគាត់ជាទីបំផុត ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចាត់ទុក វីរយុទ្ធជនការពារទឹកដី បេ សុផាត ជាកងទ័ពហានក្លាមួយរូប ក្នុងចំណោមកងទ័ព និងកងនគរបាលអង់អាចជាច្រើនរបស់កម្ពុជា ដែលបានពលីដោយមិនខ្លាចសូម្បីបាត់បង់អាយុជីវិតដើម្បីការពារបូរណភាពទឹកដីកម្ពុជាពីការរំលោភបំពានពីសំណាក់រដ្ឋបរទេសដទៃ ដោយការលះបង់នេះ ត្រូវបានពលរដ្ឋកម្ពុជាទូទាំងនគរ ក៏ដូចជាប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសជាតិ មិនដែលមើលរំលងឡើយ គឺតែងតែកោតស្ញប់ស្ញែងបំផុតចំពោះវីរភាពរបស់បងប្អូនកងទ័ព ពិសេសនោះគឺការចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិតកងទ័ពទាំងអស់ដែលទទួលរងរបួសក្នុងសមរភូមិប្រយុទ្ធ។

ក្នុងគ្រាជាមួយគ្នាដដែលនោះ ឯកឧត្តម ជួន ណារិន្ទ និងលោកជំទាវ លីម ដារ៉ែន បានផ្តាំផ្ញើទៅកាន់វីរយុទ្ធ បេ សុផាត និងវីរកងទ័ព ក៏ដូចជាវីរកងនគរបាលដទៃទៀតដែលឯកឧត្តម និងលោកជំទាវបានជួបសួរសុខទុក្ខ សូមសម្រាកឲ្យបានច្រើន ញុំាឲ្យបានគ្រប់គ្រាន់ ស្តាប់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ និង សូមជូនពរឲ្យបងប្អូនឆាប់ជាសះពីរបួស ដើម្បីឆាប់បានវិលត្រឡប់ទៅលំនៅឋានជួបជុំក្រុមគ្រួសារវិញ នៅពេលខាងមុខ ៕ លីហេង



-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 day agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ